ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ​រារាំង​មិន​ឱ្យ​យក​ចេញ​ចោទ​ថា​ អាជ្ញាធរ​ឃុបឃិត​គ្នា​កាប់​ដើមគ្រញូង​តំបន់អង្គរ

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅមានចំណុចប្រទាញ ប្រទង់គ្នាអំពីករណីដើមឈើគ្រញូងស្ថិត នៅក្នុងតំបន់អង្គរត្រូវបានគេប្រទះឃើញ ស្នាមអារជិតរលំ ហើយត្រូវមន្រ្តីអាជ្ញាធរ អប្សរាកេណ្ឌទៅអារផ្តួលបង្កឲ្យមានការ ភ្ញាក់ផ្អើលពីប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ ចោទថា គ្មានចោរឯណាថ្លើមធំហ៊ានទៅ អារឈើ ហើយរត់គេចបាត់នោះទេ ។ ផ្ទុយ ទៅវិញអ្នកភូមិយល់ថា គឺមន្ត្រីអាជ្ញាធរ អប្សរានេះឯងដែលជាអ្នកកាប់ផ្តួលដើម ឈើគ្រញូងនោះ ។ មន្ត្រីអាជ្ញាធរអប្សរា អះអាងថា មានចោរហារយលួចកាប់ដើម ឈើនោះប៉ងផ្តួល និងអាចដឹកយកចេញ នៅពេលណាមួយ ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបដិសេធ ការចោទប្រកាន់ថា មន្ត្រីអាជ្ញាធរជាតិអប្សរា មួយក្រុមលួចអារដើមគ្រញូងចំណាស់មួយដើមនៅក្នុងឧទ្យានអង្គរដែលមានអង្កត់ផ្ចិត៨៣០សង់ទីម៉ែត្រ(៨,៣តឹក) ប្រវែងជាង ៨ម៉ែត្រ ។ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកស្រី ចៅស៊ុន កិរិយា អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាអះអាងថា ដើមគ្រញូងចំណាស់មួយដើមនៅក្នុងឧទ្យានអង្គរត្រូវបានជនខិលខូចលួចអារកាត់រួចទៅហើយមន្ត្រីទៅកាប់ដើមគ្រញូងដែលកាប់រួច ប៉ុណ្ណោះតាមការស្នើសុំរបស់មេភូមិបន្ទាប់ពីមានជនខិលខូចលួចកាប់ដើមឈើនោះ រួចមក ។

ដើមគ្រញូងចំណាស់មួយដើមដែលមាន អង្កត់ផ្ចិត៨៣០សង់ទីម៉ែត្រ(៨,៣តឹក) ប្រវែងជាង៨ម៉ែត្រនៅមាត់កសិណអង្គរធំ ខាងកើតវត្តថ្មីដំរីសែនជ័យ ស្ថិតនៅភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានជនខិលខូចលួចអារដោយរណារយន្តកាលពីយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៦។

លោក ចេវ ផល ប្រធានការិយាល័យបរិ ស្ថាននៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេស ភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិ បានឲ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ថា ដើមគ្រញូងខាងលើត្រូវបានជនខិលខូច លួចអារកាត់តាំងពីយប់ថ្ងៃទី៤ ខែវិច្ឆិកា តែ មិនទាន់ដួលរលំទេ ។ នៅរសៀលថ្ងៃទី៥ ខែតុលា លោកបានទទួលដំណឹងតាម រយៈលោកមេភូមិនគរក្រៅថា មានករណីលួចអារកាត់ដើមគ្រញូងនៅទីតាំងខាងលើទើបក្រុមការងាររបស់លោកបានទៅ ពិនិត្យដល់ទីតាំងផ្ទាល់ ហើយបានឃើញ ថា ដើមគ្រញូងនេះត្រូវបានជនខិលខូចលួច កាត់មែននៅសល់តែប្រមាណ២តឹកទៀតប៉ុណ្ណោះ ហើយជនខិលខូចបានបេះស្លឹកឈើញាត់ក្នុងប្រហោងដែលអារព្រមទាំងលាបភក់បិទពីខាងក្រៅទៀតផង ។

ដោយពិនិត្យឃើញថា ដើមគ្រញូងនេះច្បាស់ជានឹងដួលរលំបង្កគ្រោះថ្នាក់ដល់ អ្នកធ្វើដំណើរឆ្លងកាត់ ឬចូលជ្រកនិងដើម្បីយកដើមគ្រញូងនេះមករក្សាទុកជៀសវាងជនខិលខូចលួចកាត់បន្តនៅពេលយប់ក្រុម ការងាររបស់លោកបានរាយការណ៍ជូនថ្នាក់ ដឹកនាំនៃអាជ្ញាធរជាតិដើម្បីចាត់វិធានការជាបន្ទាន់ ។ ក្រោយទទួលបានអនុសាសន៍ពីថ្នាក់ដឹកនាំទើបនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកាក្រុមការងាររបស់លោកបានផ្តួលរំលំដើមគ្រញូងនោះតែម្តងដោយមានប្រជាការពារភូមិនៅចាំមើលជាមួយផង ។

លោក ចេវ ផល បន្តថា គ្រាន់តែក្រុមការ ងារផ្តួលហើយភ្លាមបម្រុងនឹងដឹងយកទៅ រក្សាទុកស្រាប់តែប្រជាពលរដ្ឋមួយក្រុម បានមកតវ៉ានិងហាមឃាត់មិនឲ្យដឹកចេញ ហើយបែរជាចោទប្រកាន់ក្រុមការងាររបស់ លោកថា ជាអ្នកកាប់បំផ្លាញទៅវិញទោះ ជាក្រុមប្រឹក្សាសង្កាត់ មេភូមិនគរក្រៅ និងក្រុមការងារលោកពន្យល់សម្របសម្រួលយ៉ាងណាក៏មិនព្រមស្តាប់ដែរ។ ឃើញ ដូច្នេះក្រុមការងាររបស់លោកសម្រេចធ្វើលិខិតប្រគល់ដើមគ្រញូងនេះជូនអាជ្ញាធរភូមិឃុំដើម្បីរក្សាទុក និងសម្របសម្រួលជាមួយប្រជាពលរដ្ឋជាមុនសិន ។

លោក មីក រឹទ្ធ មេភូមិនគរក្រៅបានឲ្យ ដឹងថា កាលពីថ្ងៃទី៥ ខែវិច្ឆិកាកន្លងទៅ មន្ត្រីប៉ុស្តិ៍រដ្ឋបាលមួយរូបដែលបានទៅ ស្ទូចត្រីនៅមាត់កសិណបានឃើញស្នាមអារដើមគ្រញូងខាងលើក៏បានទូរស័ព្ទមកប្រាប់លោក។ លោកបានទៅពិនិត្យមើល ឃើញជាក់ស្តែងរួចក៏រាយការណ៍ទៅក្រុម ប្រឹក្សាសង្កាត់គោកចក និងរាយការណ៍ទៅក្រុមការងារព្រៃឈើនៃអាជ្ញាធរជាតិអប្សរាដើម្បីចាត់វិធានការយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់ ។

ចំពោះករណីប្រជាពលរដ្ឋមកតវ៉ាលោក មេភូមិរៀបរាប់ថា មុននឹងផ្តួលដើមគ្រញូង នេះលោកក៏បានប្រាប់ដល់ប្រជាពលរដ្ឋដឹង មុនខ្លះដែរតែមិនបានទាំងអស់ទេ។ លុះ ពេលផ្តួលដួលហើយក៏ស្រាប់តែមានប្រជាជនប្រមាណជា៩នាក់មកស្រែកតវ៉ាហាម ឃាត់មិនឲ្យដឹកចេញ។ នៅព្រឹកថ្ងៃទី៦ ខែ វិច្ឆិកា លោកបានពន្យល់និងសម្របសម្រួល ជាមួយប្រជាពលរដ្ឋទាំងនោះម្តងហើយ តែពួកគាត់នៅតែមិនព្រមដដែល។ លោកនឹងសហការជាមួយក្រុមប្រឹក្សាសង្កាត់ ដើម្បីធ្វើការងារនេះបន្តទៀត ហើយលោកនឹងចាត់ក្រុមប្រជាការពារភូមិដើម្បីយាមដើមគ្រញូងនេះមិនឲ្យមានជនខិលខូចមក លួចដឹកចេញនៅពេលយប់ឡើយ ។

លោក និន ចាន់សាមៀន ប្រធាននាយក ដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បាន មានប្រសាសន៍ថា ឥឡូវនេះក្រុមការងារ របស់លោកកំពុងធ្វើការជាមួយឧទ្យាន នុរក្សនៃក្រសួងបរិស្ថានដើម្បីកំណត់អត្តសញ្ញាណជនល្មើសនិងឈានទៅចាត់ វិធានការតាមច្បាប់ ។

លោក ឡុង កុសល ប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរាក៏បានបដិសេធ ចំពោះការលើកឡើងថា មន្ដ្រីរបស់ខ្លួនជាអ្នកកាប់បំផ្លាញដើមគ្រញូងមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ ស្ថិតនៅតំបន់អង្គរធំកាលពីថ្ងៃទី៥ ខែ វិច្ឆិកា ប៉ុន្តែមន្ត្រីអាជ្ញាធរអប្សរាបានកាប់ផ្ដាច់ ដើមឈើប្រណីតនោះដោយសារមានជនខិលខូចលួចកាប់ជិតដាច់ទៅហើយ។

លោក ស៊ឹម ឈីវឈានពិសិដ្ឋ អនុ ប្រធានមន្ទីរបរិស្ថានខេត្ដសៀមរាបបានឲ្យដឹងនៅថ្ងៃទី៧ ខែវិច្ឆិកាថា តាមការបំភ្លឺពីប្រជាពលរដ្ឋនៅតំបន់នោះអះអាងថា ដើម ឈើប្រណីតនេះគឺមន្ដ្រីអាជ្ញាធរជាតិអប្សរា ប្រមាណ៥នាក់ដឹកនាំដោយប្រធានផ្នែកការិយាល័យបរិស្ថាននៃអគ្គនាយកដ្ឋាន គ្រប់គ្រងព្រៃឈើលោក ចេវ ផល មន្ដ្រី អាជ្ញាធរជាអ្នកកាប់ ។ លោកបន្ដតាមសម្តី ពលរដ្ឋថា ក្រុមមន្ដ្រីទាំងនោះបានប្រើ រណារយន្ដ២គ្រឿងនិងប្រេងសាំង២ប៊ីដុងដើម្បីផ្ដួលដើមឈើនោះ ប៉ុន្ដែលោកនៅមិន ទាន់មានវិធានការនៅឡើយទេ។ លោក បញ្ជាក់ថា មន្ទីរនឹងរៀបចំឯកសារប្ដឹងទៅ តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ស្ដីពីការការពារបរិស្ថាន។ លោកបន្ដថា អ្នកកាប់តាមការរាយការណ៍ពីប្រជាពលរដ្ឋគឺនៅក្បែរនោះក្នុងភូមិនគរក្រៅនោះគេថា ក្រុមខាងអាជ្ញាធរអប្សរាប៉ុន្ដែមែនមិនមែនលោកអត់ដឹងទេ ។ នេះជាការលើកឡើង របស់ប្រជា ពលរដ្ឋដែលលោកចុះទៅសាក សួរបំភ្លឺព័ត៌មានពីពួកគាត់។ តាមច្បាប់បរិស្ថានទោសធ្ងន់គឺទោសឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើ ។

លោក ឡុង កុសល ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរាបានបដិសេធការចោទប្រកាន់នេះ។ លោកបន្ដថា ដើមឈើប្រណីតនេះមានទំហំមុខកាត់៨ តឹកត្រូវបានជនមិនស្គាល់មុខលួចកាប់ បំផ្លាញកាលពីល្ងាចទី៤ ខែវិច្ឆិកាអស់ទំហំ មុខកាត់៤តឹកនៅសល់មុខពីរតឹកទើបមន្ដ្រីអាជ្ញាធរជាតិអប្សរាសម្រេចកាត់ផ្ដាច់បន្ថែម ដោយបារម្ភខ្លាចដើមឈើនោះត្រូវខ្យល់បក់ បាក់ប៉ះចំមនុស្សជាយថាហេតុដែលនាំឲ្យមាការស្ដីបន្ទោសដល់អាជ្ញាធរជាតិអប្សរា ប៉ុន្ដែលោកមិនបានជូនដំណឹងដល់ពលរដ្ឋជាមុនឡើយ។ លោកថា ការបាត់បង់ដើម ឈើដ៏ក្រមនេះទុកឲ្យនគរបាលយុត្ដិធម៌ជាអ្នកចាត់វិធានការទៅលើជនខិលខូច ។

កញ្ញា ខាន់ យ៉ង់ បុគ្គលិកធនាគារមួយ រូបរស់នៅភូមិក្បែរដើមឈើនោះបានឲ្យដឹង ថា កញ្ញាក៏ដូចជាពលរដ្ឋនៅភូមិនគរក្រៅយល់ឃើញថា ការអះអាងរបស់អាជ្ញាធរ ជាតិអប្សរានេះគ្រាន់ជាល្បិចកលដូចស្វាស៊ី បាយលាបមាត់ពពែប៉ុណ្ណោះដោយហេតុ ថា នៅតំបន់នោះគ្មានជនខិលខូចណាម្នាក់ ហ៊ានលួចកាប់បំផ្លាញដើមឈើនៅតំបន់ អង្គរបានឡើយក្រៅពីមន្ដ្រីស្ថាប័ននោះ ព្រោះមានអ្នកជំនាញគ្រប់គ្រងព្រៃឈើរបស់ អាជ្ញាធរជាតិអប្សរាយាមកាមយ៉ាងតឹងតែង បំផុត។ កញ្ញាសោកស្ដាយដើមឈើដែលមានតម្លៃដ៏មហាសាលមួយដើមនោះដោយ ទទូចឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការស្វែងរកចាប់ជនខិលខូចមកផ្ដន្ទាទោសតាម ច្បាប់ និងរក្សាទុកដើមឈើដ៏មានតម្លៃនេះនៅកន្លែងមានសុវត្ថិភាព ។

កញ្ញាបន្ដថា “ខ្ញុំឃើញតាំងពីដើមអត់ មានអ្នកហ៊ានលួចកាប់ដើមឈើនៅតំបន់ អង្គរទេមិនថាដើមធំទេ សូម្បីដើមតូចក៏អត់ហ៊ានកាប់ដែរព្រោះអប្សរាគាត់តាមឈឹបៗហ្មង។ មានតែគេមានគោលបំណងគេទៅ កាប់។ មតិយោបល់នៅក្នុងភូមិគាត់គិតថាគ្មានជនខិលខូចមកពីណាទេនិយាយទៅ គាត់ដាក់ការសង្ស័យទៅលើមន្ត្រីអាជ្ញាធរអប្សរាហ្នឹងហ្មង អ៊ីចឹងបានគាត់អត់ឲ្យ មន្ត្រីអាជ្ញាធរអប្សរាដឹកទៅ ។

សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះនៅ តែមិនជឿថា មានចោរមកហ៊ានអារផ្តួល ដើមឈើគ្រញូងនោះទេ ។ ផ្ទុយទៅវិញមាន តែអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងតំបន់ នោះតែប៉ុណ្ណោះទើបហ៊ានយករណារយន្ត ទៅអារផ្តួលដើមគ្រញូងដែលមានអាយុ កាលរាប់រយឆ្នាំនោះ ។ យ៉ាងណាក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចបានអះអាងថា កំពុង ស្វែងរកក្រុមចោរថ្លើមធំដែលហ៊ានអារ ដើមគ្រញូងទាំងថ្ងៃនោះហើយ ។

ករណីនេះអាជ្ញាធរត្រូវតែបើកការសើុបអង្កេតរកឲ្យឃើញជនល្មើសដែលកាប់ ដើមគ្រញូងនេះ ។ បើតាមប្រជាពលរដ្ឋ ដើមគ្រញូងដែលស្ថិតនៅក្នុងតំបន់គ្រប់ គ្រងដោយអាជ្ញាធរអប្សរាគ្មាននរណា ហ៊ានប៉ះពាល់នោះឡើយ ។

រូបភាពដែលបានថតអំពីសកម្មភាព អ្នកអារដើមគ្រញូងនោះគឺជាភស្តុតាងមួយ ដែលអាចស្រាវជ្រាវឈានដល់ការចាប់ ជនល្មើសយកមកផ្តន្ទាទោស។

ប្រជាពលរដ្ឋនៅតំបន់នោះនិយាយថា ដើមគ្រញូងនោះស្ថិតក្នុងដែនសមត្ថកិច្ច របស់អាជ្ញាធរអប្សរា ហើយបានព្យាយាម រារាំងមិនឲ្យប្រជាពលរដ្ឋបានទៅមើល សកម្មភាពកាប់ឈើលើកចុងក្រោយនោះ ឡើយ ។ ប្រជាពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ រក្សាដើមឈើដែលបានកាប់ហើយនោះ ទុកជាភស្តុតាងដើម្បីវែកមុខរកជនល្មើស កាប់បំផ្លាញដើមគ្រញូងដែលមានអាយុ កាលរាប់រយឆ្នាំនេះ ។

គេខ្សឹបខ្សៀវថា ដើមគ្រញូងនោះឈ្មួញ ឲ្យតម្លៃរាប់សិបម៉ឺនដុល្លារទើបបានជាមាន អ្នកលួចកាប់យ៉ាងដូច្នេះ ៕ ជានិរន្តរ៍

ew 12 232


ចែករំលែក៖