ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួននារីរូបស្រស់លួចទ្រព្យសម្បត្តិអ្នកដ៏ទៃដើម្បីយកលុយឲ្យសង្សារបង្គប់ថ្លៃបណ្តាការទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាលៈ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនខ្លួននារីរូបស្រស់ជាចោរលួចទ្រព្យសម្បត្តិអ្នកដ៏ទៃ ដើម្បីយកទៅឲ្យបុរសជាសង្សារបង្គប់ថ្លៃបណ្តាការ ទៅតុលាការចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សាន លាងហ៊ី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចខ្សែ.ក និងខ្សែដៃប្លាកទីន របស់ឈ្មោះ ស សុភី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការ នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។

ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការរឹបអូសខ្សែ.កប្លាកទីនចំនួន១ ខ្សែស្មើនឹង១ជី.៦ហ៊ុន.៤លី ,ខ្សែដៃប្លាកទីនចំនួន០១ខ្សែស្មើនឹងទម្ងន់១ជី៨ហ៊ុន៨លី (ជារបស់ជនរងគ្រោះ) ,ម៉ូតូម៉ាកហុងដាស្គុបពី០១គ្រឿង ,ទូរស័ព្ទដៃ០១គ្រឿង ,ប្រាក់រៀលចំនួន៦៥០០រៀល និងកាបូបដៃចំនួន០១(ជារបស់ជនសង្ស័យ) ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យបានជិះម៉ូតូធ្វើជាចូលទៅទិញគ្រឿងអលង្ការពីកន្លែងលក់របស់ជនរងគ្រោះ ។ ពេលទៅដល់ជនសង្ស័យបានតថ្លៃទិញខ្សែ.កមួយខ្សែ និងខ្សែដៃមួយខ្សែ បន្ទាប់ពីតថ្លៃទិញត្រូវរ៉ូវគ្នាជនរងគ្រោះជាម្ចាស់ហាងបានបំពាក់ខ្សែ.ក និងខ្សែដៃឲ្យជនសង្ស័យ ។

ក្រោយពីទទួលបានគ្រឿងអលង្ការ ជនសង្ស័យបានធ្វើជាដើរទៅចាក់សោរកែបម៉ូតូយកលុយឲ្យជនរងគ្រោះ ហើយបានបញ្ឆេះជិះគេចខ្លួន តែត្រូវបានជនរងគ្រោះស្រែកឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជីវករផ្សេងទៀត និងសមត្ថកិច្ចនគរបាលស្លៀកពាក់ស៊ីវិលប្រចាំការនៅទីនោះតាមចាប់ខ្លួនជនសង្ស័យបាន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យបានសារភាពថា រូបគេពិតជាបានបន្លំលួចគ្រឿងអលង្ការរបស់ជនរងគ្រោះប្រាកដមែន ។ ជនសង្ស័យបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យរូបគេធ្វើបែបនេះ ក៏ព្រោះតែចង់បានលុយចំនួន១០០០ដុល្លារ ដើម្បីយកទៅឲ្យបុរសជាសង្សារបង្គប់ថ្លៃបណ្តាការជូនម្តាយបង្កើតរបស់ខ្លួន ។ ជនសង្ស័យបានបញ្ជាក់ទៀតថា រូបនាងបានស្រលាញ់គ្នាជាមួយសង្សារ ហើយក្រុមគ្រួសាររបស់បុរសជាសង្សារមានលុយតែ៣០០០ដុល្លារ ខ្វះចំនួន១០០០ដុល្លារ ដើម្បីជូនម្តាយរបស់នាង ទើបនាងសម្រេចចិត្តបន្លំលួចគ្រឿងអលង្ការរបស់ជនរងគ្រោះ ដើម្បីយកទៅឲ្យសង្សារបង្គប់ថ្លៃបណ្តាការតែម្តង ៕ ស្អាងជ័យ

aes-4 aes aes-1 aes-2 aes-3


ចែករំលែក៖