ព័ត៌មានទាន់ហេតុការណ៍៖

មកឃាត់ប្អូនថ្លៃកុំឲ្យប្រើហិង្សា បែរជាតបមកវិញនូវព្រនង់ឈើរបួសបាក់ភ្លៅ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាបងថ្លៃម្នាក់ បានរងរបួសបាក់ភ្លៅ ខណៈដែលរត់ទៅឃាត់ និងសម្របសម្រលកុំឲ្យប្រើហិង្សាដាក់គ្នា ប៉ុន្តែបែរជាមិនបានគុណ ស្រាប់តែត្រូវប្អូនថ្លៃទាញឈើមកវាយលើរូបខ្លួនទៅវិញ កាលពីវេលាម៉ោង១៨និង៥នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភូមិសណ្ដោ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសដែលរងគ្រោះឈ្មោះ មាឃ យ៉ាត អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ខណៈរបួសបាក់ភ្លៅខាងស្ដាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ។

ប្រភពបន្តថា ចំពោះជនសង្ស័យជាប្អូនថ្លៃ ដែលបង្កហេតុមានឈ្មោះ គង់ ង៉ូ អាយុ៣៥ឆ្នាំ មុខរបរកសិករមានទីលំនៅភូមិសណ្តោ ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង មានប្រពន្ធឈ្មោះមាឃ គង ។

តាមអ្នកភូមិបានប្រាប់ថា មុនពេលកើតហេតុ បុរសឈ្មោះ គង់ ង៉ូ មានជម្លោះជាមួយប្រពន្ធ និងបានប្រើហិង្សាវាយទៅលើប្រពន្ធ បង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនាំគ្នាចេញមកចោមរោមមើល ខណៈនោះ បុរសរងគ្រោះត្រូវជាបងថ្លៃ ដោយឃើញសកម្មភាពបែបនេះ ក៏ចេញមុខមកឃាត់និយាយលួងលោមកុំឲ្យប្រើហិង្សា ប៉ុន្តែបែរជាប្អូនថ្លៃមិនស្ដាប់ និងខឹងរឹតតែខ្លាំង ក៏ស្ទុះទៅទាញបានព្រនង់ឈើមូលមកវាយសន្ធប់តែម្ដង ។

ក្រោយពីបង្កហិង្សាវាយទៅលើបងថ្លៃរួចមក ដោយឃើញសភាពមិនស្រួល ក៏បានរត់គេចខ្លួនភ្លាមៗផងដែរ ។ រីឯជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីព្យាបាលមុខរបួស ខណៈជនសង្ស័យសមត្ថកិច្ចនគរបាលកំពុងស្វែងរកចាប់ឃាត់ខ្លួនមកផ្ដន្ទាទោសតាមច្បាប់ ៕ យឹម សុថាន

 

3 1 2


ចែករំលែក៖