ភ្នំពេញ ៖ ដើម្បីកាត់បន្ថយវិបត្តិ និង ហានិភ័យផ្សេងៗ ដែលកើតឡើងពីការ សាងសង់ កាលពីចុងសប្ដាហ៍កន្លងទៅ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់បានព្រមានចាត់វិធានការចំពោះ ក្រុមហ៊ុនគម្រោងប្លង់ ក្រុមហ៊ុនសំណង់ និង ម្ចាស់សំណង់ទាំងឡាយណា ដែលមិនគោរពតាមការចង្អុលបង្ហាញរបស់មន្ត្រីជំនាញ ពាក់ព័ន្ធទៅនឹងដែនកំណត់ទីតាំងដែលត្រូវសាងសង់ ។
លោក ឡៅ ទិព្វសីហា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់បានថ្លែងថា ក្រសួងបានបង្កើតក្រុមការងារចុះបោះបង្គោលកំណត់ព្រំសាង សង់ឲ្យបានច្បាស់លាស់ ហើយម្ចាស់ សំណង់ត្រូវសង់ចំកន្លែងដែលបានបោះ បង្គោលកំណត់នោះ ប្រសិនបើក្រសួង រកឃើញថា ក្រុមហ៊ុនគម្រោងប្លង់ ម្ចាស់ សំណង់បានសិក្សាគម្រោងប្លង់ខុសពីអ្វី ដែល ច្បាប់អនុញ្ញាតនឹងត្រូវទទួលពិន័យ ។
ទោសទណ្ឌទាំងនេះ ត្រូវបានលោក អនុរដ្ឋលេខាធិការលើកឡើងថា សម្រាប់ អ្នកចេញគម្រោងប្លង់ គឺត្រូវឲ្យអានលិខិត បទដ្ឋានគតិយុត្តិ៨ម៉ោង ហើយត្រូវធ្វើតេស្ត បើមិនជាប់ត្រូវអានម្តងទៀតរហូតជាប់ ទើប អនុញ្ញាតឲ្យគូរប្លង់បន្ត ហើយចំពោះក្រុម ហ៊ុនសំណង់ គឺត្រូវព្យួរអាជ្ញាប័ណ្ណ ប្រសិនបើ សាងសង់ខុសបច្ចេកទេស និងផាកពិន័យ ចំពោះម្ចាស់សំណង់តាមច្បាប់ដែលបានចែង ។
ក្នុងស្ថានភាពបែបនេះលោករដ្ឋលេខាធិការក៏បានសំណូមពរឲ្យម្ចាស់ក្រុមហ៊ុនសំណង់ ក្រុមហ៊ុនគម្រោងប្លង់ និងម្ចាស់ សំណង់ទាំងអស់ ចូលរួមសហការជា មួយក្រសួង ដើម្បីត្រួតពិនិត្យគុណភាព សំណង់និងលុបបំបាត់ការសាងសង់ខុសគម្លាតនិងសំណង់ខុសលក្ខណៈបច្ចេក ទេស ៕ ហេង សូរិយា