ភ្នំពេញ៖ យុវជន២នាក់ ត្រូវគេព្រួតវាយបែកក្បាលហូរឈាមស្រោចខ្លួន និងត្រូវបានសមត្ថកិច្ចនាំទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីយុវជនរូបនោះវាយកញ្ចក់រថយន្តគេបែក ។
ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០០និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ មុខវត្តលង្ការ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យុវជនបង្កទាំង២ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ជិះម៉ូតូមួយគ្រឿងម៉ាក Duke ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CQ-២៩៨០ ចំណែកជនរងគ្រោះជាអ្នកបើកតាក់ស៊ីអោយក្រុមហ៊ុនតាក់ស៊ីក្រហម បើករថយន្តម៉ាក កាមរី បាឡែន ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ២Q-៣៣៨៤ ។ រថយន្តខាងលើ បែកកញ្ចក់មុខព្រោះតែយុវជនបង្កវាយ ។
តាមការរៀបរាប់ប្រាប់របស់ជនបង្កបានអោយដឹងថា មុនពេលកើតហេតុ រូបគេទាំង២ជិះម៉ូតូឌុបគ្នា មកពីកោះពេជ្រ ហើយត្រូវរថយន្តតាក់ស៊ីក្រហមបើកកៀរ ។ ឃើញដូចនេះ រូបគេទាំង២នាក់ បានជិះម៉ូតូដេញតាមក្រោយ រហូតដល់មុខវត្តលង្ការ ទើបតាមទាន់ និងបានឈប់ម៉ូតូ ហើយវាយកញ្ចក់រថយន្តបណ្តាលអោយបែកតែម្តង។ តែបើកតាមសំដីរបស់អ្នកបើករថយន្តតាក់ស៊ីវិញអោយដឹងថា រូបលោកមិនបានបើកកៀរម៉ូតូរបស់ជនបង្កទេ ហើយមិនបានដឹងថា ជនបង្កជិះតាមពីពេលណាមកដែរ ស្រាប់តែមកដល់មុខវត្តលង្ការ ជនបង្កទាំង២ ស្ទុះមកវាយកញ្ចក់រថយន្តរបស់លោកបែក ។
បន្ទាប់ពីវាយបែកកញ្ចក់ហើយ រូបគេបានស្រែកអោយគេជួយ ហើយក៏ត្រូវបានមនុស្សដែលអង្គុយលេងម្តុំនោះ ស្ទុះមកវាយម្នាក់មួយដៃម្នាក់មួយជើង រហូតបែកក្បាលហូរឈាមស្រោចខ្លួន និងត្រូវសមត្ថកិច្ចឃាត់យកទៅសួរនាំនៅប៉ុស្តិ៍បឹងកេងកងទី១ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនភាគីទាំងសងខាងយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌចំការមន ។ ចំណែកជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងរួចរាល់អស់ហើយដែរ ៕ ជីម ភារ៉ា ដង្កោ