ភ្នំពេញ៖ នៅរសៀលថ្ងៃទី៧ ខែវិច្ចិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោក Tan Heng Chew ប្រធានក្រុមហ៊ុន Tan Chong Group ចូលជួបសំដែងការគួរសម និងពិភាក្សាការងារអំពីគម្រោងវិនិយោគទុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោក Tan Heng Chew បានគោរពរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្រ្តីអំពីក្រុមហ៊ុនរបស់លោក ដែលមានបំណងចង់មកវិនិយោគបើករោងចក្រតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Tan Chong Group មានប្រវត្តិក្នុងការតម្លើងរថយន្ត រយៈពេល៦០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៍ ក្នុងការផលិតបំណែករបស់រថយន្ត អស់រយៈពេល៤៥ឆ្នាំមកហើយដែរ។ សព្វថ្ងៃនេះ ក្រុមហ៊ុនមានរោងចក្រនៅប្រទេសវៀតណាម, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា និងកំពុងមានបំណងបង្កើតរោងចក្រនៅកម្ពុជាបន្ថែមទៀត។
លោក Tan Heng Chew បានគោរពស្នើសុំសម្តេចតេជោ ឲ្យមានការគាំទ្រ ដើម្បីធ្វើយ៉ាងណាឲ្យមានការបង្កើតរោងចក្រតម្លើងរថយន្តផង និងផលិតគ្រឿងបំណែករថយន្តផង នៅក្នុងប្រទេសកម្ពុជា។ ក្នុងការបើករោងចក្រជំហានដំបូង គឺក្រុមហ៊ុននឹងជ្រើសរើបុគ្គលិកកម្ពុជាជាង១ពាន់នាក់ដើម្បីបម្រើការងារ។ ក្រុម Tan Chong Group គឺផលិតរថយន្ត Nissan, Infinity និង Datsun.
សម្តេចតេជោនាយករដ្ឋមន្ត្រី រីករាយស្វាគមន៍ចំពោះបំណងក្នុងការវិនិយោគលើរោងចក្រតម្លើងរថយន្ត និងផលិតគ្រឿងបំណែករថយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ បានមានប្រសាន៍ថា បើសិនជារោងចក្រនេះអាចផលិតឬអាចបង្កើតឡើងបាននៅក្នុងព្រះរាជាណាចក្រកម្ពុជាមែនោះ វាជាជោគ ជ័យមួយទៀតស្របទៅនឹងគោលនយោបាយឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ លោក Tan Heng Chew ថា ការតម្លើងរថយន្ត ម៉ាក Nissan នៅកម្ពុជានេះ គឺមិនត្រឹមតែបម្រើក្នុងទីផ្សារក្នុងប្រទេសនោះទេ គឺអាចនាំចេញទៅកាន់ទីផ្សារក្នុងតំបន់អាស៊ានទាំងមូលបានទៀតផង ព្រោះថាបច្ចុប្បន្ននេះ យើងបានរួមគ្នាជាសហគមន៍ដ៏ធំមួយដែលមានទីផ្សាររហូតទៅដល់ជាង៦០០លាននាក់៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1145428718838957/” width=”600″ height=”400″ onlyvideo=”1″]