ព័ត៌មានទាន់ហេតុការណ៍៖

ការដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម២ខ្សែនៅស្រុកត្បូងឃ្មុំមានភាពមិនប្រក្រតី

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ឲ្យតែមានការដេញថ្លៃសាងសង់ផ្លូវលំក្រាលគ្រួសក្រហមនៅក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ គឺតែងតែមានភាពរញ៉េរញ៉ៃ, ភាពមិនប្រក្រតី, អនាធិបតេយ្យ និងពុករលួយមិនដែលខានឡើយ ។ ជាក់ស្តែងការដេញថ្លៃគម្រោងផ្លូវក្រាលគ្រួសក្រហម២ខ្សែ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ដែលបានដាក់ឲ្យដេញថ្លៃកាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បានបញ្ចប់ដោយមានក្រុមហ៊ុនតែ៥ប៉ុណ្ណោះ ដែលបានចូលរួមដាក់ពាក្យដេញថ្លៃ ដោយឡែកអ្នកកាន់ពាក្យដេញថ្លៃប្រមាណជាង២០នាក់ទៀត បានមកដែរ តែមិនចូលរួមដេញថ្លៃឡើយ ។

ការដេញថ្លៃបានគឺមានកម្រិតទឹកលុយទាបបំផុត ដែលត្រូវគេរិះគន់ថា មានការឃុបឃិតគ្នា ដើម្បីយកប្រាក់ទឹកតែចែកគ្នា ។

គម្រោងផ្លូវក្រាលគ្រួសក្រហមទាំង២ខ្សែនេះមានប្រវែង២៥០០ម៉ែត្រ ហើយតម្លៃដាក់ឲ្យដេញថ្លៃមានចំនួន១១៤.៥៩៨.១០០រៀល ។ នៅពេលដាក់ចូលដេញថ្លៃមានក្រុមហ៊ុន៥បានចូលរួមប្រកួតប្រជែងយកឈ្នះ ធ្វើជាអ្នកសាងសង់ផ្លូវនោះរួមមាន៖ ១-ក្រុមហ៊ុនថេង រីតា, ២-ក្រុមហ៊ុនអ៊ឹង ចក់ឡា ៣-ក្រុមហ៊ុន ស្រីសុគន្ធា ៤-ក្រុមហ៊ុនសិរីវឌ្ឍន៍ និងទី៥-ក្រុមហ៊ុនវ៉ាន់ សុធី ។

ដោយឡែកក្រុមហ៊ុនមួយចំនួនទៀតមិនបានដាក់ពាក្យទេ គឺគេឃើញមានការខ្សឹបខ្សៀវគ្នា និងទំនងជាចរចាចាំយកទឹកតែ តែប៉ុណ្ណោះ ។ ក្រោយពេលបើកពាក្យដេញថ្លៃគម្រោង គេឃើញមានក្រុមហ៊ុនថេងរីតា ដេញបានទាំង២គម្រោងនេះគឺក្នុងតម្លៃ១០៩.៦៨៩.១០០រៀល ។

ការដេញថ្លៃក្នុងតម្លៃចុះទាបបំផុតគឺត្រឹម៤.៦៨៩.១០០រៀល ដែលជាការដេញថ្លៃក្នុងកម្រិតតិចពីតម្លៃដែលគម្រោងដាក់ឲ្យ ។ វាខុសប្លែកពីការដេញថ្លៃនៅតាមបណ្តាស្រុកផ្សេងៗ ខុសគ្នាពាក់កណ្តាលឯណោះ ។

ពាក់ព័ន្ធទៅនឹងការដេញថ្លៃគម្រោងសាងសង់ផ្លូវខាងលើ ដែលមានអ្នកមកចូលរួមដាក់ពាក្យជាច្រើន ហើយមិនបានដេញថ្លៃខាងលើនេះត្រូវបានលោក តេង ប៊ុនណា អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំអះអាងប្រាប់អ្នកកាសែតថា ការដាក់ដេញថ្លៃត្រូវមកទិញពាក្យនៅសាលាឃុំ និងដាក់ប្រាក់ដំកល់ជាមុន ទើបមានសិទ្ធិចូលរួមដាក់ពាក្យដេញថ្លៃបាន។

ចំណែកក្រុមហ៊ុនឯទៀត គ្រាន់តែទើបមកមើលសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ហើយមិនបានកក់លុយផង ទើបមិនមានសិទ្ធិចូលរួមប្រកួត ហើយពួកគាត់(តំណាងក្រុមហ៊ុន) គ្រាន់តែកាន់ស៊ីមីមកកន្លែងដេញថ្លៃ ដើម្បីទទួលប្រាក់ថ្លៃទឹកតែពីអ្នកដេញបានតែប៉ុណ្ណោះ ។

ការដេញថ្លៃផ្លូវក្រាលគ្រួសក្រហមពីរគម្រោងខាងលើនេះ ត្រូវបានមហាជនសង្ស័យថា មានការឃុបឃិតគ្នា ។ ហេតុនេះសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យ និងស្រាវជ្រាវគុណភាពផ្លូវទាំង២ខ្សែនេះផង ។

គួរបញ្ជាក់ថា ឲ្យតែមានការដេញថ្លៃជួសជុលផ្លូវ ឬកសាងផ្លូវលំនៅតាមទីជនបទក្នុងខេត្តត្បូងឃ្មុំ ភាពរញ៉េរញ៉ៃគ្មានសណ្តាប់ធ្នាប់ ដែលគេសន្និដ្ឋានថា ពាក់ព័ន្ធនឹងអំពើពុករលួយ តែងតែកើតមានជាដរាប ។ គេមិនដឹងថា នេះជាទម្លាប់របស់ខេត្តត្បូងឃ្មុំឬយ៉ាងណានោះឡើយ ៕ ហេង សូរិយា

img-20161108-wa0006 img-20161108-wa0000 img-20161108-wa0001 img-20161108-wa0002 img-20161108-wa0003


ចែករំលែក៖