ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងបើករថយន្ដឡិចសុីស RX330 ពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿងក្នុងល្បឿនលឿន ដល់ចំណុចផ្លូវកែងមិនប្រយ័ត្នបួងចង្កូតទៅបុករថយន្ដយីឌុបដឹកអុស ពេញព្រាបបណ្ដាលឲ្យរថយន្ដយីឌុបដឹកអុសទាញចង្កូតគេចធ្លាក់ដាំក្បាលចូលប្រឡាយទឹក តែសំណាងល្អ មិនមានអ្នករងរបួស ចំណែករថយន្ដឡិចសុី RX330 រងការខូចខាតផ្នែកខាងមុចទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានដែកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកយីឌុបមួយគ្រឿង ពណ៌ត្រេអ៊ី គ្នានស្លាកលេខ ដឹកអុសពេញប្រៀប ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីជើងទៅត្បូង បំណងឆ្លងកាត់ស្ពានដែក ។
ប្រភពបានបន្តថា ពេលមកដល់កន្លែងកើតហេតុ ដែលជាចំណុចផ្លូវបំបែក ស្រាប់តែមានរថយន្ដម៉ាកឡិចសុី RX330 មួយគ្រឿងពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01. 2-1926 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ ៣៧១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ហើយបានបួងចង្កូតបត់ឆ្វេងជ្រុលទៅបុករថយន្ដយីឌុបដឹកអុស ជាហេតុធ្វើអោយរថយន្ដយីឌុបទាញចង្កូតគេចជ្រុលធ្លាក់ដាំក្បាលចូលក្នុងប្រឡាយទឹក ចំណែករថយន្ដឡិចសុីសរងការខូចខាតផ្នែកខាងមុខទាំងស្រុង តែសំណាងល្អមិនបណ្ដាលអោយម្ចាស់រថយន្ដរងរបួសនោះទេ ។
ប្រភពបានបន្តទៀតថា ក្រោយកើតហេតុម្ចាស់ រថយន្ដឡិចសុីសបានចុះពីរថយន្ដហើយគេចខ្លួនបាត់ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។
ក្រោយកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ និងបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងស្ទួចយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ជីម ភារ៉ា ដង្កោ