ខេត្តកំពង់ចាម៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងបុត្រា បុត្រីធ្វើពិធីបង្សុកូលឲ្យកូនប្រុសឈ្មោះកំសត់ ។
សម្តេចតេជោបានថ្លែងតាមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «កំសត់ កូនពុក ថ្ងៃនេះពុក និងម៉ែព្រមទាំងប្អូនប្រុសប្អូនស្រីរបស់កូនបានមកធ្វើពិធីបង្សុកូលឱ្យកូន។
៤០ឆ្នាំបានកន្លងផុតជាមួយនឹងការចងចាំនូវការឈឺចាប់ដែលពុក និងម៉ែកូនបានឆ្លងកាត់នាព្រឹកថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ នៅទីកន្លែងនេះ។បើទោះបីពុកមានតួនាទីខ្ពង់ខ្ពស់ក៏ដោយចុះ តែទឹកភ្នែកពុកនៅតែហូរមកមិនឈប់ឈរនៅពេលពុកនឹកដល់សោកនាដកម្មដែលបានកើតឡើងនាពេលនោះ។ ពុកដឹងខ្លួនច្បាស់ហើយថាទឹកភ្នែកពុក និងបញ្ចប់នៅពេលពុកស្លាប់ តែទឹកភ្នែកនេះក៏បានរំលឹកពុកឱ្យខិតខំការពារសន្តិភាព និងរារាំងសង្គ្រាមកុំឱ្យកើតឡើងសារជាថ្មី។
ពុកនៅតែសូមការយោគយល់ពីកូនដែលមិនបានយកសពកូនទៅបញ្ចុះដោយខ្លួនឯង។ ពុកត្រូវអត់ធ្មត់ និងធ្វើតាមបញ្ជាររបស់ពួកឃាដករ តែការអត់ធ្មត់នោះហើយដែលរក្សាជីវិតពុក និងម៉ែកូន ព្រមទាំងផ្តល់ឱកាសឱ្យពុករួមចំណែកដឹកនាំចលនាតស៊ូរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនិងកសាងប្រទេសបានរីកចម្រើនរហូតសព្វថ្ងៃ» ៕