ខេត្តសៀមរាប ៖ នគរបាលខេត្តសៀម រាបកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ រកឃើញការដ្ឋានបូមខ្សាចមួយកន្លែង ដំណើរការដោយគ្មានច្បាប់អនុញ្ញាត នៅ ចំណុចជប់តាពុធ ស្ថិតក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ហើយបានបញ្ចប់សកម្មភាព បន្ទាប់ពីពល រដ្ឋប្រតិកម្ម ។
នគរបាលបានឲ្យដឹងថា ដោយមានការ បញ្ជាផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ ត្រី អ៊ុំ អមរា ស្នងការរង ជាប្រធានការិយាល័យកណ្ដាលប្រឆាំងបទល្មើសនៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប និងមាន ការសម្របសម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត នគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះ បង្ក្រាបករណីជីកយកខ្សាច់ដោយគ្មានអាជ្ញាប័ណ្ណចេញពីមន្ទីរ-ក្រសួងធនធានរ៉ែដោយសហការពីមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្ត និងកម្លាំងនគរបាលស្រុកអង្គរជុំ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជីកយករ៉ែនិងខ្សាច់ ដោយគ្មានអាជ្ញាប័ណ្ណខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ការដ្ឋានបូមខ្សាច់ម្នាក់ឈ្មោះ ថុន ធាត់ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិប្រាំតម្លឹង ឃុំតាសោម ស្រុក អង្គរជុំ ខេត្តសៀមរាប ហើយក្រោយឃាត់ខ្លួនបានបញ្ជូនមកសាកសួរនៅអធិការដា្ឋន នគរបាលស្រុកអង្គរជុំ និងដកហូតសម្ភារ មួយចំនួនយកមករក្សាទុកដើម្បីអនុវត្តទៅតាមច្បាប់ ។
មន្ត្រីដដែលបញ្ជាក់ថាក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតត្រាក់ទ័រ១គ្រឿង, រថយន្តសម្រាប់ ចូកខ្សាច់១គ្រឿង, ម៉ាស៊ីន បូមខ្សាច់៧គ្រឿង, បំពង់ទីបសម្រាប់បូម ខ្សាច់១២ដើម និងគោយន្តច្នៃ១គ្រឿងដែលគ្រោងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាម ច្បាប់ ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្ម ធនធានរ៉ែ ៕ សហការី