ព័ត៌មានទាន់ហេតុការណ៍៖

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមដឹកនាំកិច្ចប្រជុំការងារនៅទីស្តីការក្រសួង

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំការងារ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីជាន់ខ្ពស់របស់ក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី ខេត្ត សរុប ៨៤ រូប ដើម្បីពិនិត្យ និងវាយតម្លៃលើការងារដែលបានអនុវត្តក្នុងឆ្នាំ ២០១៦ និងការត្រៀមលក្ខណៈសម្រាប់ការអនុវត្តនាពេលខាងមុខ ។

ពាក់ព័ន្ធនឹងការងារដែលបានអនុវត្តកន្លងមក លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រសួងបានធ្វើការឆ្លើយតបបានត្រឹមត្រូវ និងទាន់ពេលវេលា ទៅនឹងយុទ្ធសាស្ត្រដែលបានដាក់ចេញ កាលពីដើមរដូវវស្សា ឆ្នាំ ២០១៦ ក្នុងនោះមាន ៖

១-បង្វែរនូវជំនន់ដែលអាចបង្កនូវមហន្តរាយធ្ងន់ធ្ងរដល់ផលប្រយោជន៍ប្រជាជន និងសង្គមជាតិ ពិសេសទប់ស្កាត់បានយ៉ាងល្អប្រសើរ មិនឱ្យជំនន់ព្រែកត្នោត បង្កមហន្តរាយធ្ងន់ធ្ងរដល់រាជធានីភ្នំពេញ ។

២-ឆក់ឱកាសទាញយកនូវបរិមាណទឹក ដែលបង្កឡើងដោយធម្មជាតិ រួមមានជំនន់តាមទន្លេ ស្ទឹង និងជំនន់ទឹកភ្លៀង យកមករក្សាទុកប្រើប្រាស់ ។ មកដល់ពេលនេះ ទឹកដែលយើងបានប្រមូលទុក មិនត្រឹមតែអាចធានាបានសម្រាប់បម្រើដល់ស្រូវវស្សាប៉ុណ្ណោះទេ គឺអាចធានាបានទាំងស្រុងទៅនឹងផែនការផលិតស្រូវប្រាំងនាពេលខាងមុខ ។

៣-បណ្តាហេដ្ឋារចនាសម្ព័ន្ធ ដែលបានប៉ះពាល់ដោយសារជំនន់នាពេលកន្លងមក ត្រូវបានជួសជុលឡើងវិញរួចរាល់ជាស្ថាពរ ។

៤-បានអន្តរាគមន៍ទាន់ពេលវេលាដល់ដំណាំស្រូវវស្សា ដែលប្រឈមនឹងកង្វះខាតទឹកនាពេលកន្លងមក ។

ទាក់ទងនឹងការត្រៀមលក្ខណៈសម្រាប់ពេលខាងមុខ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំ ដូចខាងក្រោម ៖

– បន្តកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជាមួយប្រទេស និងដៃគូអភិវឌ្ឍន៍នានា ដូចជា ភាគីចិន ឥណ្ឌា កូរ៉េ អូស្ត្រាលី ជប៉ុន ធនាគារអភិវឌ្ឍន៍អាសុី ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ ។ល។

– បន្តគ្រប់គ្រង ថែទាំប្រព័ន្ធធារាសាស្ត្រ ស្ថានីយបូមទឹក ម៉ាសុីនបូមទឹក ឲ្យបានល្អប្រសើរ ។

– កែលំអបច្ចេកទេសព្រែកធម្មជាតិមួយចំនួននៅតំបន់មេគង្គលើ ដើម្បីឲ្យទឹកឆាប់ចូលព្រែក ទោះបីជាទឹកទន្លេមេគង្គទាប ក៏អាចហូរចូលបាន ។

– បន្តខិតខំប្រមូលទឹកទុក ថែរក្សាឲ្យបានល្អ និងប្រើប្រាស់ឲ្យចំគោលដៅ និងសន្សំសំចៃ ។

– បន្តបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស និងជម្រុញបង្កើតឡើងនូវវិទ្យាស្ថានទឹក និងដំណាំឱ្យបានឆាប់ ។

– បន្តប្រពៃណីសាមគ្គីភាពផ្ទៃក្នុង បង្កើនសុខដុមនីយកម្ម និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ៕ ហេង សូរិយា

 


ចែករំលែក៖