ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យញាក់សាច់មួយ បានកើតឡើងនៅ ស្តុបណានជីនទាំងកណ្តាលរាត្រីរហូតដល់ព្រឹកហើយនៅតែដោះស្រាយគ្នាមិនចេញទៀត គឺរថយន្តកាឡុក ស៊ីម៉ង់ត៍ CPAC បានបុករថយន្តនីសាន់ពីក្រោយពេញទំហឹង រងការខូចខាតសងខាងនោះ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបង្កឡើងដោយសាររថយន្តកាឡុកស៊ីម៉ង់ត៍ CPAC កំពុងតែចាក់ស៊ីម៉ង់ត៍ ស្រាប់តែរអិលជ្រុលបុកចំពាក់ពីក្រោយរថយន្តនីសាន់ស្ថិតនៅតាមបណ្តោយផ្លូវ១១៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់បើកបររថយន្តកាឡុកស៊ីម៉ង់ត៍ CPAC ពណ៌ស ធ្វើដំណើរចេញតាមបណ្តោយផ្លូវកម្ពុជាក្រោយ ក្នុងទិសដៅពីលិចទៅកើត ហើយបានបត់ចូលទៅក្នុងផ្លូវលំលេខ១១៨ លុះដល់ចំណុចកើតហេតុខាងលើ រថយន្តតកាឡុកស៊ីម៉ង់ត៍ CPAC កំពុងតែចាក់ស៊ីម៉ង់ត៍ ស្រាប់តែរអិលទៅមុខបុកចំពីក្រោយរថយន្តនីសាន់ ពណ៌ខៀវ ដែលកំពុងចតចោល បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតស្ទើរទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមនុស្សណាម្នាក់ត្រូវរងរបួសធ្ងន់ឡើយ ។
បន្ទាប់ពីកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ខណ្ឌ ៧មករា ចុះមកវាស់វែងស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំដោះស្រាយនៅ ពេលក្រោយ។ សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងទាំងកណ្តាលរាត្រីរហូតដល់ព្រឹកហើយនៅតែដោះស្រាយគ្នាមិនចេញទៀត ដោយសារតែអាងខ្នងរៀងៗខ្លួន ៕ ស រស្មី