ភ្នំពេញ៖ រថយន្តស៊េរីទំនើបបានបើកបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរងរបួស និងខូចខាតទាំងសងខាងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងនឹងផ្លូវភ្លោះអូរឫស្សី សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តម៉ាក Audi បានបុកគ្នាពេញទំហឹងជាមួយ Visto បណ្តាលឲ្យរបួសធ្ងន់ម្នាក់ ហើយរថយន្តខូចខាតទាំងពីរគ្រឿង ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេនៅមិនទាន់ដឹងថា តើភាគីខាងណាជាអ្នកបង្កនោះទេ ពីព្រោះ ខណៈដែលគ្រោះថ្នាក់កើតឡើងនោះ មេឃមមានធ្លាក់ភ្លៀងខ្លាំង ហើយខាងម្ចាស់រថយន្ត Visto រងរបួសធ្ងន់ រីឯម្ចាស់រថយន្ត Audiវិញ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
សមត្ថកិច្ចបានប្រាប់ថា រថយន្តម៉ាកAudi ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៥៩៨៧ ចំណែកមួយគ្រឿងងទៀតម៉ាកVisto ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២R-៦៧៩២ ។
សមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងស្ទួចយករថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕ ថាច់ យ៉ាត