ខេត្តពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់ បានចុះលេងទឹកស្ទឹងពោធិ៍សាត់ លង់ស្លាប់យ៉ាងអាណោចអាធ័ម ត្រូវបានគេសង្ស័យក្មេងស្រីរងគ្រោះមានសតិមិនល្អ (ឆ្កួតជ្រូក)។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៦និង០៥នាទី ថ្ងៃ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចទឹកស្ទឹងពោធិ៍សាត់ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
ក្មេងស្រីរងគ្រោះត្រូវបានអាជ្ញាធរប្រាប់ថា ឈ្មោះ យិន ដាឡែន ភេទស្រី អាយុ ១២ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរខាងបានឲ្យដឹងថា មូលហេតុការដែលក្មេងស្រីជំទង់លង់ទឹកស្លាប់ខាងលើនេះ ខណៈដែលក្មេងស្រីរងគ្រោះចុះចូលក្នុងទឹកស្ទឹងលេងក្បែរផ្ទះជាមួយក្មេងៗ៣-៤នាក់ផ្សេងទៀត គ្រានោះ ស្រាប់បានតែបាត់ក្មេងស្រីរងគ្រោះ បង្កការភ្ញាក់ផ្អើលតែម្ដង ក៏នាំគ្នាមុជរាវរកក្នុងទឹកទើបប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពដដែលបន្តទៀតថា ក្រោយទទួលបានព័ត៌មាននេះ អាជ្ញាធរបានចាត់កម្លាំងចុះទៅស្រាវជ្រាវ ប៉ុន្តែពុំមានឃើញស្លាកស្នាមអ្វីគួរសង្ស័យជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់សាកសពឲ្យក្រុមគ្រួសារដើម្បីយកទៅចាត់ចែងតាមប្រពៃណី ៕ ប៉ឹម ពិន