ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រទះឃើញសាកសពស្អុយរលួយទើរលើព្រៃ នៅមាត់បឹងទន្លេសាប បង្កការភ្ញាក់ផ្អើល ។ អាជ្ញាធរអំពាវនាវដល់ក្រុមគ្រួសារណាដែលបាត់សមាជិក ខណៈសាកសពនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចព្រៃរនាមក្រោមចម្ងាយពីភូមិប្រមាណ៣គីឡូម៉ែត្រ(មាត់បឹងទន្លេសាប)ស្ថិតក្នុងភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរបានឲ្យដឹងថា សាកសពដែលប្រជាពលរដ្ឋប្រទះឃើញទើរនៅលើព្រៃរនាម ត្រង់ចំណុចមាត់បឹងទន្លេសាបខាងលើនេះ មានសភាពហើមស្អុយរលួយ មើលមិនស្គាល់ មិនដឹងស្រី ឬប្រុសនោះទេ សូម្បីតែសម្លៀកបំពាក់ក៏លំបាកនឹងការសន្និដ្ឋាននោះដែរ។
ប្រភពព័ត៌មានខាងលើនេះបន្តថា រហូតមកដល់ម៉ោងថ្ងៃ ខែ ឆ្នាំនេះ ជំនាញពាក់ព័ន្ធ ពុំទាន់ស្រាវជាវរកអត្តសញ្ញាណសាកសពឃើញនៅឡើយទេ ហើយសាកសព ក៏មិនបានធ្វើអ្វីនៅឡើយនោះដែរ គឺនៅកន្លែងដដែល ដោយមានផលលំបាកនឹងយកសាកសពខ្លាំងណាស់ ដូច្នេះ មានតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនានា ដែលបានបាត់សមាជិកក្នុងគ្រួសារ សូមអញ្ជើញមកមើល ខណៈនៅមានសម្គាល់បន្តិចបន្ទួចដូចនៅក្នុងរូបភាពនេះ។
ប្រភពដដែលបន្តទៀតថា សាកសពនេះ អាចអណ្ដែតទឹកមកពីខេត្តផ្សេងៗ ដែលជាប់បឹងទន្លេសាបក៏ថាបាន ហើយបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ រង់ចាំគោកទឹកទើបចាត់ចែងទៅតាមប្រពៃណី ព្រោះទឹកនៅជម្រៅត្រឹមតែជាង១ម៉ែត្រប៉ុណ្ណោះ ខណៈនេះមានផលលំបាកក្នុងការយកសាកសពខ្លាំង ៕ ប៉ឹម ពិន