ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលជាអ្នកប្រើប្រាស់ភ្លើង(ចរន្តអគ្គិសនី)របស់ក្រុមហ៊ុនអគ្គិសនីពន្លៃប្រមាណជាង៥០នាក់ បានលើកគ្នាមកសាលាស្រុកបរិបូរណ៍ ដើម្បីបានជួបជាមួយអាជ្ញាធរស្រុក រួមនិងមន្រ្តីបចេ្ចអគ្គិសនី របស់ក្រុមហ៊ុនអគ្គិសនីពន្លៃ បន្ទាប់ពីកុងទ័អគ្គិសនីរបស់ពួកគាត់បានឡើងខ្ពស់កប់ពពកហួសពីកម្រិនៃការប្រើប្រាស់កន្លងមក។ ការជួបជុំប្រជាពលរដ្ឋនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ។
ប្រជាពលរដ្ឋដែលនាំគ្នាមកតវ៉ានៅសាលាស្រុកនោះ គឺបាននាំគ្នាផ្តិតមេដៃ និង ធ្វើជាលិខិតសំណូមពរ ដល់អាជ្ញាធរអគ្គិសនី និង អាជ្ញារខេត្ត ស្រុក ជួយអន្តរាគមន៍ ពីភាពមិនប្រក្រតីនៃនាឡិការអគ្គិសនីនៅឃុំពន្លៃ ស្រុកបរិបូរណ៍ ដែលបានដើរលឿនហួសកំរិតនៃការប្រើប្រាស់នាខែកន្លងមក ។
តំណាងប្រជាពលរដ្ឋបានលើកឡើងថា កន្លងមករូបគាត់បានប្រើប្រាស់អគ្គិសនី អស់តម្លៃត្រឹមជាង១០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែស្រាប់តែនៅខែនេះឡើងដល់ជាង៧០ម៉ឺនរៀល ដែលកម្រិតនេះវាហួសទៅនឹងឧបករណ៍ដែលប្រើប្រាស់នៅក្នុងផ្ទះរបស់ ព្រោះថា របស់របរប្រើប្រាស់នៅដដែល ចំណែកឯប្រជាពលរដ្ឋផ្សេងទៀតក៍មានបញ្ហាបែបនេះសឹងគ្រប់គ្នានៅក្នុង មូលដ្ឋាននេះ អ្នកខ្លះកុងទ័រដើរលឿនឡើងពី២ដង ខ្លះ៣ដង ហើយអ្នកខ្លះទៀតច្រើនហួសហេតុតែម្តង ។
ប្រជាពលរដ្ឋដែលមកតវ៉ានៅសាលាស្រុក បានសំណូមពរចំនួន៥ចំណុច ១.ទាមទាឲ្យអាជ្ញាធរអគ្គីសនីវាស់គីឡូវ៉ាត់ ២.សុំដាក់កុងទ័រដែលទិញមានការវាស់វែងចេញពីអាជ្ញាធរអគ្គីសនី ។ ៣.សុំអោយឲ្យអាជ្ញាធរស្រុក ធ្វើការអប់រំដល់ក្រុមមន្រ្តីអគ្គិសនីរបស់ក្រុមហ៊ុន ដែលដែលអ្នកទទួលលុយប្រើពាក្យសម្ដីឲ្យមានសីលធម៌ សមរម្យជាមួយអតិថិជន ។ ៤.សំកុំឲ្យបុកភ្លើងខ្លាំងពេកដែលធ្វើឲ្យឆេះ ឧបករណ៍ប្រើប្រាស់៥.ជួយពិនិត្យអោយជាក់លាក់អំពីកុងទ័រអគ្គីសនី ដែលបន្តឡើងជាប្រចាំក្នុងខែនីមួយៗ ដែលឡើងទ្វេរដង ពី២ទៅ៣ដងនៃខែនីមួយៗ ។
រហូតមកដល់ពេលនេះក្រុមហ៊ុនអគ្គិសនី និង អាជ្ញាធរស្រុកនៅមិនទាន់ឆ្លើយតបយ៉ាងម៉េចនៅឡើយទេ ដោយក្រុមហ៊ុនអគ្គិសនីពន្លៃ និង អាជ្ញាធរ កំពុងពិនិត្យមើលសំណើរ និង ស្តាប់ការបកសា្រយរបស់ប្រជាពលរដ្ឋ ដែលកិច្ចនៅបន្តររហូតដល់រសៀលថ្ងៃនេះទៀត ៕ ចន្ថា