ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៦ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដាក់ឲ្យប្រើប្រាស់ មន្ទីរពិសោធន៍ចល័តដែលបំពាក់លើរថយន្តតម្លៃជិត១២ម៉ឺនដុល្លារអាមេរិកសម្រាប់វិភាគរកសារធាតុគីមីនៅក្នុងផលិតផលម្ហូបអាហារឬផ្លែឈើ នៅក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្តិបានមានប្រសាសន៍ថា «ការដាក់ឲ្យដំណើរការមន្ទីរពិសោធន៍ចល័តថ្ងៃនេះគឺជាភស្តុតាងដែលបង្ហាញអំពីការគិតគូរយកចិត្តទុកដាក់របស់ក្រសួងចំពោះសុខមាលភាពប្រជាពលរដ្ឋបន្ថែមពីលើការប្រឹងប្រែងចរចារដើម្បីបើកទីផ្សារថ្មីៗជូនបងប្អូនអាជីវករនិងពាណិជ្ជករ»។
លោករដ្ឋមន្ត្រីបានបន្តថា មន្ទីរពិសោធន៍ចល័តថ្មីដែលបំពាក់នៅក្នុងរថយន្តហ្វត ត្រេនស៊ីត( FORD TRANSIT) ឆ្នាំ២០១៦នេះនឹងរួមចំណែកលើកកម្ពស់វិជ្ជាជីវៈរបស់មន្ត្រីកាំកុងត្រូលព្រមទាំងផ្តល់លទ្ធភាពសម្រាប់ពួកគេធ្វើការវិភាគរកសារធាតុគីមីនៅក្នុងផលិតផលម្ហូបអាហារឬផ្លែឈើសម្រាប់បងប្អូនអាជីវករនិងពាណិជ្ជករដោយឥតគិតថ្លៃនៅតាមទីផ្សារតូចធំនិងតាមគោលដៅត្រួតពិនិត្យដែលស្ថិតក្នុងតំបន់ឆ្ងាយៗ។
លោកបានបន្ថែមថា «ក្រៅពីអាចចល័តនិងវិភាគផលិតផលម្ហូបអាហារនៅគ្រប់ទីកន្លែងដោយទទួលបានលទ្ធផលវិភាគលឿនរហ័សទាន់ចិត្ត មន្ទីរពិសោធន៍ចល័តនៅលើរថយន្តថ្មីនេះនិងអនុញ្ញាតឲ្យមន្ត្រីជំនាញកាំកុងត្រូលអាចចាត់វិធានការឆ្លើយតបបានទាន់ពេលវេលា ចំពោះទំនិញខូចគុណភាពនិងផលិតផលមានផ្ទុកសារធាតុគីមីតាមរយៈការដកហូតទំនិញភ្លាមៗឬទប់ស្កាត់មិនឲ្យធ្វើចរាចរណ៍លើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា»។
គួររំលឹកថា មន្ទីរពិសោធន៍ចល័តដែលបំពាក់លើរថយន្តហ្វត ត្រេនស៊ីត( FORD TRANSIT) ឆ្នាំ២០១៦នេះមានតម្លៃសរុប១១៩.៣៣០,៣៥ដុល្លារអាមេរិក(មួយរយដប់ប្រាំបួនពាន់បីរយសាមសិបនិងសាមសិបប្រាំសេន)អាចផ្ទុកមន្ត្រីសម្រាប់ធ្វើការ៥នាក់(គិតទាំងអ្នកបើកបរ)។
គួរបញ្ជាក់ផងដែរថា សមត្ថភាពនៃការវិភាគរបស់មន្ទីរពិសោធន៍នៅលើរថយន្តចល័តនេះគឺវាអាចបំពេញមុខងារសំខាន់ៗដូចជាៈ អាចវិភាគរកសំណល់ថ្នាំពុលកសិកម្មនៅក្នុងបន្លែនិងផ្លែឈើ ,សំណល់ថ្នាំបសុពេទ្យនៅក្នុងសាច់និងផលិតផលផ្សំពីសាច់, សារធាតុគីមីហាមឃាត់នៅក្នុងម្ហូបអាហារដូចជា បូរ៉ាក់ ហ្វ័រម៉ាលីន ម្សៅស (ធ្វើឲ្យម្ហូបអាហារស) អាស៊ីត ហាមឃាត់ដែលប្រើក្នុងជ្រក់, វិភាគគុណភាពប្រេងឆាដែលខូចគុណភាពនិងវិភាគសំណើមរបស់ផលិតផលកសិកម្ម(គុណភាពនិងលក្ខខណ្ឌរក្សាទុករបស់ដំណាំពោត ស្រូវ អង្ករ និងសណ្តែក.។ល។ ៕ ស ដារ៉ា