ខេត្តព្រះសីហនុ ៖ សាលាដំបូងខេត្តព្រះ សីហនុចេញដីកាសម្រេចឃុំខ្លួនលោក គៀង ហេង ប្អូនថ្លៃអ្នកឧកញ៉ាទ្រីភាពនិងជាអតីតសង្សានាង ពេជ្រ អាវីហ្សា ដាក់ពន្ធនាគារ ជាបណ្តោះអាន្នហើយកាលពីល្ងាចថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ និងបន្ទាប់ពីមានការរិះគន់ខ្លាំងៗពីមហាជន។ ពេជ្រ អាវីហ្សា នៅតែរក្សាជំហរមិនប្តឹងបន្ថែមដដែលលើករណីហិង្សាមកលើនាង ហើយនាងបើក ផ្លូវឲ្យមានការស៊ើបសួរ និងកាត់ទោស ចំពោះអតីតគូស្នេហ៍ខាងលើ។
យោងតាមដីកាបង្គាប់ឲ្យឃុំឃ្លួនបណ្តោះ អាសន្នរបស់លោក អុី ឃាង ចៅក្រមស៊ើបសួររបស់តុលាការខេត្តព្រះសីហនុបាន សម្រេចឃាត់ខ្លួនឈ្មោះ គៀង ហេង អាយុ ២០ឆ្នាំ និងត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទហិង្សាដោយចេតនាដែលជាបទល្មើស ព្រហ្មទណ្ឌ ។ ការឃុំខ្លួននេះក្រោយការសាកសួរនិងធ្វើកំណត់ហេតុពាក់ព័ន្ធនឹងការបង្ករបួសស្នាមដល់កញ្ញា ពេជ្រ អាវីហ្សា នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាថា លោក គៀង ហេង ក៏ត្រូវឃាត់ខ្លួននិងត្រូវបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ ខេត្តភ្លាមៗក្នុងថ្ងៃដដែល ។
លោក អុី ឃាង អះអាងថា ផ្អែកតាមផ្លូវ ច្បាប់បើទោះជាជនរងគ្រោះសម្រេចមិន ដាក់ពាក្យបណ្ដឹងក៏បញ្ហាដែលបានបង្កឡើង នៅតែត្រូវបានសម្រេចដាក់បន្ទុកដោយ ប្រព័ន្ធច្បាប់និងតុលាការ ។ ដូច្នេះហើយ ទើបស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានកោះហៅភាគីទាំង២ទៅធ្វើកំណត់ ហេតុហើយបញ្ជូនជនត្រូវចោទលោក គៀង ហេង ទៅកាន់តុលាការ។
លោកបន្តថា ជនត្រូវចោទជាអតីត សង្សាររបស់កញ្ញា ពេជ្រ អាវីហ្សា នឹងចៀស ពីចូលរង្វង់ក្រចកសេះមិនផុតឡើយបន្ទាប់ពីសំណុំរឿងលើករណីមួយនេះត្រូវបាន រៀបរយ ។ ទោះយ៉ាងណាក៏ដោយលោក មិនបានបញ្ជាក់លម្អិតថា តុលាការនឹងមានចំណាត់ការបែបណានិងត្រូវកាត់ទោសលើករណីនេះនៅថ្ងៃណានៅឡើយទេ ។
តារាសម្តែង ពេជ្រ អាវីហ្សា បានបន្ត រក្សាជំហរមិនប្តឹងបន្ថែមលើករណីហិង្សា មកលើនាង ប៉ុន្តែនាងនឹងបើកផ្លូវឲ្យមាន ការស៊ើបអង្កេតណាមួយពីមន្ត្រីសមត្ថកិច្ច។ នាងថាអ្វីដែលធ្វើឲ្យនាងមិនដាក់បណ្ដឹងលើអតីតសង្សារ ព្រោះបុរសនោះបានធ្វើ ការសុំទោសនាងជាសាធារណៈនិងបានសន្យារឈប់ចងពៀររួមទាំងការផ្តល់សេរីភាពគ្រប់គ្រាន់ឲ្យនាង ។ នាងសប្បាយចិត្តបន្ទាប់ពីជនបង្កហេតុត្រូវបានធ្លាក់ដល់ដៃតុលាការហើយនាងនឹងទទួលយកគ្រប់ បែបយ៉ាងតាមការសម្រេចរបស់តុលាការ។
គួរបញ្ជាក់ថា តារាសម្ដែងពេជ្រ អាវីហ្សា ត្រូវបានគេបញ្ចេញរូបថតរបស់នាងព្រោងព្រាតក្រោយពីនាងទទួលរងអំពើហិង្សា កាលពីរាត្រីថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងក្លិប កម្សាន្តមួយនាខេត្តព្រះសីហនុ ។
អ្នកប្រព្រឹត្តត្រូវបានគេស្គាល់ថា ជា អតីតគូស្នេហ៍មានឈ្មោះថា គៀង ហេង អាយុទើបតែ២០ឆ្នាំ និងជាប្អូនថ្លៃលោក ឧកញ៉ា ទ្រី ភាព។ នេះមិនមែនជាអំពើហិង្សា ដំបូងទេដែលនាងទទួលរងការវាយដំពី អតីតសង្សារហើយចុងក្រោយនេះកាន់តែមានសភាពធ្ងន់ធ្ងរ ។
ចុងក្រោយនៃអំពើហិង្សាមកលើនាងត្រូវបានសម្រួលក្រៅរបងតុលាការប៉ុន្តែត្រូវបានរងការរិះគន់ពីមហាជនព្រោះតែយោងតាមផ្លូវច្បាប់ករណីវាយដំនេះឃើញថា ជាបទល្មើសព្រហ្មទណ្ឌទោះជាជនរងគ្រោះ មិនហ៊ានប្ដឹងដោយសារភ័យខ្លាច ឬព្រម ទទួលយកការសម្របសម្រួលក្រៅប្រព័ន្ធតុលាការក៏ដោយគឺព្រះរាជអាជ្ញា និងនគរបាលយុត្តិធម៌មានសិទ្ធិប្ដឹងនិងបន្តចំណាត់ ការតាមវិធានការច្បាប់បានដើម្បីបញ្ចប់ អំពើនិទ្ទណ្ឌភាពគឺភាពគ្មានទោសពៃនោះ៕ វឌ្ឍនា