ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់ច្បារអំពៅទី២ធ្វើសំបុត្រកំណើតឲ្យជនជាតិចិនម្នាក់យកលុយ១២.០០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជាលើកដំបូងហើយដែល អ្នកធ្វើលិខិតបញ្ជាក់ឲ្យជនបរទេសត្រូវ ប្រឈមមុខច្បាប់នោះគឺចៅសង្កាត់ច្បារ អំពៅទី២ត្រូវអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្តឹងពីបទចេញសំបុត្រកំណើតឲ្យជនជាតិចិនជាថ្នូរនឹងប្រាក់១២.០០០ដុល្លារ ។

សម្រាប់លោកចៅសង្កាត់ច្បារអំពៅ ម្នាក់នេះក្រៅពីរឿងក្លែងបន្លំឯកសារធ្វើ សំបុត្រកំណើតឲ្យជនជាតិចិន ក៏នៅមាន រឿងលួចដីរដ្ឋលក់មួយកន្លែងផងដែរ។ ប្រភពបានឲ្យដឹងថា ដីសមាគមចិនដែល នៅជាប់មាត់ទន្លេហើយត្រូវភ្លើងឆេះមាន ទំហំប្រមាណកន្លះហិកតាលួចលក់ស្ងាត់ៗ ក្រោមលេសថា ជាដីសម្រាប់សាងសង់ ទីស្នាក់ការគណបក្ស ។ បញ្ហាដីនេះជារឿង ធំដែលមានទំហំទឹកប្រាក់ច្រើន ។

ជាមួយគ្នានេះបញ្ហាធ្វើសំបុត្រកំណើត ឲ្យជនជាតិចិនដែលមានទឹកប្រាក់១២.០០០ ដុល្លារអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួង មហាផ្ទៃបានស្នើសុំទៅព្រះរាជអាជ្ញាអម សាលាដំបូងរាជធានីភ្នំពេញឲ្យបើកការស៊ើបអង្កេតចៅសង្កាត់ច្បារអំពៅទី២ឈ្មោះ យ៉ិន វុធ ទាក់ទងករណីចេញសំបុត្រកំណើត ឲ្យជនបរទេស(ចិន)ខុសច្បាប់។ នេះបើតាមលិខិតដាក់ចូលព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ ។

យោងតាមលិខិតចុះហត្ថលេខាដោយ លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានឲ្យ ដឹងថា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ មន្ត្រីជំនាញបានរាយការណ៍ពីសកម្មភាព លោកចៅសង្កាត់ច្បារអំពៅទី២ ដែលមាន ឈ្មោះ យ៉ិន វុធ បានចេញសំបុត្រកំណើត ដោយខុសច្បាប់ឲ្យជនជាតិចិនម្នាក់ដោយដាក់ឈ្មោះជាខ្មែរ ចាន់ វណ្ណា មានស្រុក កំណើតនៅឃុំបាវិត ស្រុកចន្ទ្រា ខេត្តស្វាយ រៀងដោយទទួលបានកម្រៃ១២.០០០ ដុល្លារកាលពីអំឡុងឆ្នាំ២០១៥ ប៉ុន្តែចុះក្នុង សំបុត្រកំណើតថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៣ ធ្វើយ៉ាងនេះដើម្បីបន្លំពេលវេលា។ ម្យ៉ាងទៀតអាជ្ញាធរខេត្តស្វាយរៀងបាន ចេញអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរផ្តល់ឲ្យឈ្មោះ ចាន់ វណ្ណា ទៀតផង។ តាមប្រភព ព័ត៌មានបានឲ្យដឹងថា ជនជាតិចិនដែល ប្រើឈ្មោះ ចាន់ វណ្ណា កំពុងបើកសិប្បកម្មនៅក្នុងទឹកដីខេត្តកណ្តាល និងធ្លាប់ត្រូវ បានសមត្ថកិច្ចខេត្តកណ្តាលឃាត់ខ្លួនម្តងក្នុងកំឡុងឆ្នាំ២០១៥ ។

លោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅ ទី២មិនអាចស្វែងរកការអត្ថាធិប្បាយទាក់ទងករណីខាងលើនេះបានទេ ។ ចំណែក លោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបាន មានប្រសាសន៍កាលពីរសៀលថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៦យ៉ាងខ្លីថា អត់មានទេ។

សូមបញ្ជាក់ថា លិខិតរបស់លោក អ៊ុក ហៃសីឡា ស្នើឲ្យបើកការស៊ើបអង្កេតចៅសង្កាត់ច្បារអំពៅទី២នេះ គឺចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ហើយដាក់ចូលព្រះ រាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦៕ ហេង សូរិយា

asae asae-1

photo_2016-11-17_11-33-27 photo_2016-11-17_11-33-29


ចែករំលែក៖