ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅឃុំផ្អាវប្រតិកម្មនឹងក្រុមហ៊ុនចិនរុករករ៉ែមិនគោរពកិច្ចសន្យាធ្វើផ្លូវ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋនៅ ឃុំផ្អាវនៃស្រុកត្រពាំងប្រាសាទ ដែលជាប់ព្រំប្រទល់គ្នាជាមួយនឹងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានឱ្យដឹងថា ក្រុមហ៊ុន ចិនមួយកំពុងស្រាវជ្រាវបណ្ដើរ និងជីក យករ៉ែ ធ្យូងថ្មដឹកចេញបណ្ដើរពីជិតតំបន់ដែលពួកគេរស់នៅ ។ ពលរដ្ឋព្រួយបារម្ភថា ប្រសិនបើការជីកយករ៉ែធ្យូងថ្មនោះចាប់ផ្ដើមដំណើរ ការជាទ្រង់ទ្រាយធំ គឺវានឹងធ្វើឱ្យមានជាតិពុលដល់បរិស្ថានទឹកព្រមទាំងដីស្រែចម្ការមួយចំនួន ។

ប្រជាពលរដ្ឋមួយចំនួននៅភូមិផ្អាវ ឃុំ ផ្អាវបានចោទប្រកាន់ថា ក្រុមហ៊ុនចិនមួយ ដែលចូលទៅរុករករ៉ែព្រមទាំងជីកយករ៉ែ ធ្យូងថ្មគឺមិនគោរពកិច្ចសន្យាដូចការដែលធ្លាប់អះអាងជាមួយពួកគាត់ទេ ។

អ្នកភូមិផ្អាវម្នាក់ ក្នុងចំណោមជាច្រើន ទៀតគឺអ្នកស្រី ចិត ថេងមានប្រសាសន៍ថា រូបគាត់និងអ្នកភូមិជាច្រើនទៀតកំពុងព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការពីព្រោះតែគម្រោងរបស់ក្រុមហ៊ុនចិនបានរុករករ៉ែធ្យូងថ្មប៉ះ ចំដីចម្ការរបស់គាត់។ ស្ត្រីដដែលបញ្ជាក់ថា កាលពីមុនចាប់ផ្ដើមរុករករ៉ែធ្យូងថ្ម គឺក្រុម ហ៊ុនចិនធ្លាប់បានជួបជាមួយប្រជាពលរដ្ឋដោយសន្យាថា នឹងជួយធ្វើផ្លូវក្នុងភូមិឱ្យបានស្អាត ក៏ប៉ុន្តែពេលក្រុមហ៊ុនចិន ជីក និងដឹក ជញ្ជូនយករ៉ែធ្យូងថ្មជាបណ្ដើរៗទៅហើយ គឺ មិនត្រឹមតែមិនធ្វើផ្លូវទេ ថែមទាំងធ្វើកុងត្រូលបិទផ្លូវមិនឱ្យអ្នកភូមិចេញចូលដោយងាយទៅចម្ការថែមទៀត ។

ទោះជាយ៉ាងណា អ្នកភូមិផ្អាវមិនស្គាល់ ឈ្មោះក្រុមហ៊ុនចិននោះឱ្យប្រាកដទេពីព្រោះតែក្រុមហ៊ុនបានសរសេរអក្សរចិន។

ប្រធានមន្ទីររ៉ែ និងថាមពលខេត្តឧត្តរ មានជ័យ លោក ភុន ឡែន មានប្រសាសន៍ ថា ក្រុមហ៊ុនចិន ឈ្មោះ យូ ឃាង (Yu Kheang) បានទទួលអាជ្ញាប័ណ្ណអាជីវកម្មរ៉ែធ្យូងថ្ម នៅតំបន់ឃុំផ្អាវនោះ ដោយជីក យករ៉ែធ្យូងថ្មទៅលក់ឱ្យឡឥដ្ឋ និងរោងចក្រ អគ្គិសនីមួយ មានកម្លាំងថាមពល២០០ មេហ្គាវ៉ាត់សាងសង់នៅជិតនោះ ។ ក៏ប៉ុន្តែបច្ចុប្បន្នរ៉ែធ្យូងថ្មនោះអត់មានទីផ្សារក្រុមហ៊ុនក៏ផ្អាកការជីកយករ៉ែជាបណ្ដោះអាសន្ន ដើម្បីរង់ចាំឱ្យរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលសាងសង់ដោយក្រុមហ៊ុន ហាន់សេង (Han Seng) ដំណើរការសិន ។

ប្រធានមន្ទីររ៉ែ និងថាមពលបញ្ជាក់ថា ក្រុមហ៊ុនដែលជីកយករ៉ែធ្យូងថ្មនោះ មិន បំភ្លេចពាក្យសន្យាធ្វើផ្លូវ និងដោះស្រាយ បញ្ហាដីធ្លីដែលនឹងប៉ះពាល់ដូចការចោទ ប្រកាន់របស់អ្នកភូមិនោះទេ ។

ទោះជាយ៉ាងណា ស្ត្រីអ្នកភូមិផ្អាវម្នាក់ ទៀតឈ្មោះស្រី ទេព លឹម រិះគន់ថា គាត់គ្មានជំនឿលើក្រុមហ៊ុនក្នុងការធ្វើផ្លូវឱ្យស្អាតនោះទេ ពីព្រោះគ្រាន់តែក្រុមហ៊ុនចាប់ផ្ដើមមកជីករ៉ែធ្យូងថ្ម ហើយអ្នកភូមិត្រូវការយកកម្ទេចកម្ទីទៅចាក់លើផ្លូវគឺគេមិនឱ្យយកផង ទាល់តែទិញក្នុង១រថយន្តថ្លៃ៧ម៉ឺនរៀល ។

មន្ត្រីមន្ទីររ៉ែ និងថាមពល ខេត្តឧត្តរ មានជ័យបានឱ្យដឹងថា ក្រុមហ៊ុនចិន យូ ឃាង បានចូលទៅសិក្សារករ៉ែធ្យូងថ្ម នៅតំបន់ ឃុំផ្អាវនោះតាំងពីអំឡុងឆ្នាំ២០១២មក ៕ ប៉ែននួន

f183e0c7-8df5-4cc4-bec7-c7e1bff5d251


ចែករំលែក៖