ខេត្តកំពត ៖ ទារិការអាយុទើបបាន៣១ថ្ងៃត្រូវលោកតាឈាមក្តៅចិត្តជាសត្វតិរិច្ឆានបានចាប់រុំភួយចាក់សាំងដុតទាំងរស់ឆេះខ្លោចដូចធ្យូងបង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិភ្នំដំរី ឃុំដំណាក់កន្តួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ស្នងការខេត្តកំពតលោក ម៉ៅ ចន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ថា ជនសង្ស័យជាជីតាទារិការរងគ្រោះត្រូវបានចាប់ខ្លួន តែទម្រាំមចាប់បានសមត្ថកិច្ចប្រើគ្រប់វិធី ដូចជាប្រើមេក្រូអំពាវនាវឲ្យជនសង្ស័យចេញពីក្នុងផ្ទះ ក៏ប៉ុន្តែជម្រើសចុងក្រោយសមត្ថកិច្ចបានគាស់ជញ្ជាំងក្តារផ្ទះដើម្បីសម្រុកចូលទៅចាប់ជនសង្ស័យ ព្រោះជនសង្ស័យមានកំបិត ពូថៅ ដែកត្បែង និងដុំថ្ម ទុកសម្រាប់ជាអាវុធការពារខ្លួន និងតតាំងជាមួយអ្នកដែលចង់ចូលទៅជួយទារិការរងគ្រោះ។
លោកស្នងការបានឲ្យដឹងទៀតថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីដុតសម្លាប់ចៅស្រីនៅលើផ្ទះនេះឈ្មោះ សុខ សន អាយុ៥៤ឆ្នាំ ជាកសិករ រស់នៅភូមិ-ឃុំកើតហេតុ។ លោកស្នងការបានឲ្យដឹងទៀតថា ទារិការដែលជីតាដែលដុតសម្លាប់ស្លាប់នៅលើផ្ទះខ្លោចដូចធ្យូងនោះ ម្តាយរបស់គេមិនទាន់ដាក់ឈ្មោះឲ្យនៅឡើយ ព្រោះទើបនឹងកើតបានរយៈពេល៣១ថ្ងៃ ហើយម្តាយរបស់ទារិការនេះឈ្មោះ សុខ មុល អាយុ២៣ឆ្នាំ ជាកសិករ រស់នៅផ្ទះជាមួយនឹងជនសង្ស័យ។
បើតាមសមត្ថកិច្ចជំនាញចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ និងតាមការបំភ្លឺពីអ្នករស់នៅជិតខាង សមត្ថកិច្ចអាចសន្និដ្ឋានបានថា ការដែលជនសង្ស័យដុតចៅស្រីទាំងរស់បណ្តាលមកពីជនសង្ស័យខឹងនឹងកូនស្រីឈ្មោះ សុខ មុលទៅរកស៊ីផ្លូវឆ្ងាយ ហើយពេលត្រឡប់មកផ្ទះវិញមានទម្ងន់ខុសប្រពៃណីដោយពុំមានប្តីដែលធ្វើឲ្យជនសង្ស័យខ្មាស់អ្នកភូមិផងរបងជាមួយគ្នាមានចៅតែអត់កូនប្រសារ។
ដោយអ្នកភូមិខ្លះបានលើកឡើងថា ចាប់តាំងពីកូនស្រី មានកូនកាលណាមកជនសង្ស័យដូចជាមានអារម្មណ៍មិនសូវសប្បាយចិត្ត ជួនពេលខ្លះផឹកស្រាស្រវឹង ហើយមានសតិមិនសូវគ្រប់ដូចជាមនុស្សសរសៃប្រសាទ។ ដូច្នេះហើយមានអ្នកខ្លះលើកឡើងថា ការដែលជីតាឈាមខ្មៅចិត្តជាតិរិច្ឆានដុតសម្លាប់ចៅស្រីទាំងរស់នេះអាចបណ្តាលមកពីមានសតិមិនសូវល្អ។
យ៉ាងណាក៏ដោយជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពត រួមជាមួយកាំបិត ពូដៅ ញញូរ ដែកត្បែង និងដុំថ្ម ដែលទុកធ្វើជាអាវុធការពារ និងទប់ទល់ជាមួយអ្នកដែលចង់ចូលទៅជួយទារិការដែលគេកំពុងដុតនោះ។
បើតាមអ្នកបានឲ្យដឹងដែរថា នៅមុនពេលជីតាចាប់ចៅស្រីដុតទាំងរស់នៅលើផ្ទះគេបានឃើញជនសង្ស័យទៅផឹកស្រា ហើយទិញសាំងមួយដប់ រួចវិលត្រឡប់មកផ្ទះវិញ ខណៈចៅកំពុងនៅក្រោមផ្ទះពេលនោះជនសង្ស័យក៏ចាប់ចៅចូលទៅក្នុងបន្ទប់ រួចចាក់គន្លិះ ហើយមួយសន្ទុះក្រោយមកទើបម្តាយទារិការដឹងក៏កើតការឆោឡោឡើងឲ្យអ្នកភូមិជួយ។ ក៏ប៉ុន្តែកុំថាឡើយអ្នកភូមិសូម្បីសមត្ថកិច្ចមូលដ្ឋានទៅច្រោងច្រាងក៏មិនអាចជួយទាន់នោះដែរ ព្រោះជនសង្ស័យបានចាប់ទារិការរងគ្រោះរុំភួយរួចចាក់សាំងដុតឆេះឡើងខ្លោចដូចធ្យូង និងស្ទើឆេះទាំងផ្ទះនោះទៅហើយ។ ដោយសារតែជនសង្ស័យគរាមចំពោះអ្នកចង់ចូលទៅជួយសមត្ថកិច្ចបានរកគ្រប់មធ្យោបាយ ហើយទីបំផុតក៏បានសម្រេចគាស់ជញ្ជាំងឈើដើម្បីសម្រុកចាប់ខ្លួនជនសង្ស័យតែម្តង៕ លី ហ៊ាង