ខេត្តរតនគិរី៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការណ៍ជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសនៃក្រសួងមហាផ្ទៃនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានស្ទាក់ចាប់រថយន្តកូរ៉េចំណុះ៥តោន១គ្រឿងលួចដឹកឈើប្រណិតប្រភេទធ្នង់លោតឆ័ត្រឆ្ពោះទៅប្រទេសវៀតណាម ខណៈធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៨មានទិសដៅពីលិចទៅកើតត្រង់ចំណុចភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវខេត្តរតនគិរី ឆ្លងកាត់តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
បើតាមលោកវរសេនីយ៍ឯក នូវដារ៉ា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការរដ្នាននគរបាលខេត្តរតនគិរីបានប្រាប់ឲ្យដឹងថា ដោយទទួលបទបញ្ជាពីលោកស្នងការនិងស្នងការរងទទួលបន្ទុកនោះរូបលោកបានដឹកនាំកម្លាំងស្រាវជ្រាវក្រុមរកស៊ីបទល្មើស។
លុះទទួលបានព័ត៌មានពីកម្លាំងសម្ងាត់សង្ស័យរថយន្តខាងលើដឹកឈើក៍សុំយោបល់ពីថ្នាក់លើនិងមានការឯកភាពពីតំណាងអធ្យការអមសាលាដំបូងខេត្ត នោះក៍បានស្ទាក់ចាប់និងត្រួតពិនិត្យរថយន្ត១គ្រឿងនេះដែលមានពាក់ស្លាកលេខក្រចេះ3A-0410ពណ៍សលាយក្រហមសង្ស័យដឹកបទល្ម់ើសព្រៃឈើ។
លោកនាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រាប់បន្តថា បន្ទាប់ពីឃាត់រថយន្តនេះ អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនចូលព្រៃបាត់តែម្តងហើយសមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅស្នងការនគរបាលខេត្តរតនគិរីទាំងយប់។
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០១៦នេះ នគរបាលជំនាញនៃស្នងការរដ្ឋាន នគរបាលខេត្តនិងប្រគល់កំណត់វត្ថុតាងរថយន្តដឹកឈើប្រណិតប្រភេទធ្នង់ជាច្រើនដុំទៅឲ្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខណ្ឌចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជក់ថា ឈើទាំងនោះសមត្ថកិច្ចជំនាញមិនទាន់ធ្វើការវាស់វែងនៅឡើយនោះទេ៕ វុទ្ធឦសាន