ភ្នំពេញ៖ បុរសម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើងតាមចិញ្ចើមផ្លូវសុខៗ ស្រាប់តែត្រូវរថយន្ដជាច្រើនគ្រឿងដែលបើកបញ្ច្រាសទិស ជ្រុលមកបុកជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតជាច្រើនត្រឡប់ បែកទាំងក្បាល ដាច់ទាំងដៃ និងជើងស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍នេះ បានកើតឡើ ងកាលពីម៉ោងជាង៩យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចចន្លោះស្ពានលេខ៩និងលេខ១០ ទល់មុខបុរីហាយលែន តាមបណ្ដោយផ្លូវជាតិលេខ៦ ស្ថិត ក្នុងក្រុមទី១៧ ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយ ចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចប៉ុស្តិ៍បាក់ខែងបានឲ្យដឹងថា ជនរងគ្រោះនៅមិនទាន់ស្គាល់ពីអត្តសញ្ញាណ អាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លី ពណ៍ខ្មៅ អត់ពាក់អាវ បានដើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅ ពីត្បូងទៅជើង ខណៈដើរមកដល់ខាងមុខបុរីហាយលែនដែលជាចំណុចកើតហេតុពុំទាន់មានភ្លើងបំភ្លឺផ្លូវផងនោះ ស្រាប់ តែមានរថយន្ដជាច្រើនគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានជ្រុលចង្កូតមកបុកជនរងគ្រោះជាបន្តបន្ទាប់បណ្ដាលឲ្យដួលខ្ទាតប៉ើងជាច្រើនត្រឡប់បែកទាំងក្បាល ដាច់ដៃជើងស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ។
ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍បាក់ខែង ខណ្ឌជ្រោយចង្វា ដឹកនាំដោយលោកអនុសេនីយ៍ទោ មាស ថន នាយនគរបាលប៉ុស្ដិ៍បាក់ខែង បានសហការចុះត្រួតពិនិ ត្យព្រមទាំងបានរៀបចំយកសាកសពបញ្ជូនទៅតម្កល់ទុកនៅវត្តបាក់ខែង ដើម្បីរង់ចាំបងប្អូនក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ