ខេត្ដសៀមរាប៖ រថយន្តស៊ីទែនដឹកហ្គាសបង្កប់ឈើគ្រញូងមួយគ្រឿង លោតឆត្រពីខេត្តឧត្តរមានជ័យ ដែលក្នុងនោះមានមនុស្សចំនួន៥នាក់ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាប ស្ទាក់ចាប់នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅមុខស្នាក់ការរដ្ឋបាលព្រៃឈើកន្តួតខ្នារក្រៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោក ទា គឹមសុទ្ធ នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានឲ្យដឹងថា រថយន្តបង្កប់នេះ គឺបានដឹកចេញពីភូមិសាស្ត្រស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលមានឈើគ្រញូងទាំងនេះ អាចមានរហូតដល់ជិត៩តោន ក្នុងនោះកម្លាំងរដ្ឋបាលព្រៃឈើឃាត់ខ្លួនជនសង្ស័យ៥នាក់ ដែលជាអ្នកបើកបរ និងអ្នករត់ការឈើ ហើយការចាប់នេះយោងតាមបញ្ជារពីលោកព្រះរាជ្ញាអមសាលាដំបូងខេត្ត ។
លោកបន្ថែមថា បច្ចុប្បន្នខាងលោកកំពុងរកកន្លែងទុកដាក់ និងរាប់ជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់។
ប្រភពបានទម្លាយថា៖ ឈើទាំងនេះធ្លាប់ចរាចរជាច្រើនដងមកហើយទើបតែពេល នេះត្រូវមេព្រៃចាប់ជាប់ដោយគេសង្ស័យថានិយាយថ្លៃគ្នាមិនត្រូវ ។ ប្រភពដដែលបន្តថា៖ ម្ចាស់ឈើគឺជាជនជាតិវៀតណាមឈ្មោះយាយ ម៉ាយ និងយាយដឿង ជាអ្នកប្រមូលទិញឈើដ៏ល្បីល្បាញនៅខេត្តឧត្តរមានជ័យ ហើយត្រូវបានពួកឈ្មួញទាំងនោះបង់លុយឲ្យសមត្ថកិច្ចមួយចំនួនយ៉ាងត្រជាក់ត្រជុំផងដែរ ៕ ជានិរន្ដរ៍