ខេត្តសៀមរាប៖ កាលពីវេលាម៉ោង០១និង១២នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋ រស់នៅក្នុងភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប បានប្រទះឃើញសាកសពបុរសម្នាក់ចងកធ្វើអត្តឃាតខ្លួនឯង នៅនឹងមែកឈើ ក្នុងព្រៃមួយកន្លែង ចម្ងាយពីភូមិបឹងមាលា ប្រហែល៣០០ម៉ែត្រ ត្រង់ចំណុចបុស្សថោង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្រុកភ្លាមៗ ។
លោកវរសេនីយ៍ត្រី ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានរួចមកកម្លាំងនគរបាលស្រុកបានចុះទៅដល់កន្លែងកើតហេតុ ឃើញថា ពិតជាមានមនុស្សចងកសម្លាប់ខ្លួនមែន ដោយសាកសពមានសភាពហើមស្អុយ ដោយជនរងគ្រោះបានយកវល្លិ៍ចងកសម្លាប់ខ្លួនឯង នៅហ្នឹងមែកឈើ នៅក្នុងព្រៃចំនុចខាងលើ ។
ជនរងគ្រោះមានឈ្មោះ វី វន ភេទប្រុស អាយ៣៣ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ។
បើយោងទៅតាមការបំភ្លឺពីឈ្មោះ លន់ ចន្ធូ ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធសព បានប្រាប់សមត្ថកិច្ចនគរបាលថា ប្តីគាត់បានចុះចេញពីផ្ទះអស់រយៈពេល០៦ថ្ងៃមកហើយ ដោយមានទំនាស់ពាក្យសម្តីជាមួយគាត់ពីរឿងផឹកស្រារាល់ថ្ងៃ (មនុស្សញៀនស្រា) និងបានឲ្យរូបគាត់ជាប្រពន្ធទៅខ្ចីប្រាក់ម្តាយក្មេកចំនួន១០០ដុល្លារមកច្រូតស្រូវ តែប្រពន្ធមិនព្រមទៅខ្ចី ក៏ឈ្លោះប្រកែកគ្នា រួចគាត់បានចុះចេញពីផ្ទះនៅវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយរូបគាត់ជាប្រពន្ធនឹកស្មានថាគាត់ទៅបត់ជើងធំ បានជាមិនតាមរក ចាប់ពីពេលនោះមកក៏បាត់រូបគាត់រហូតមក ឃើញដូចនោះគាត់ជាប្រពន្ធ ក៏បានតាមរកជាច្រើនថ្ងៃមកហើយតែរកមិនឃើញ ទើបនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ទទួលបានដំណឹងថា ប្តីរបស់គាត់ចងកសម្លាប់ខ្លួនបាត់ទៅហើយ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ក្រោយពីពិនិត្យសាកសព និងធ្វើកំណត់ហេតុរួចរាល់ហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕ ប៊ុនរិទ្ធី