ខេត្តស្វាយរៀង៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗ ខណៈដែលខឹងជនរងគ្រោះជិះម៉ូតូជែងក្បែរខ្លួន និងសំឡឹងមើលមុខ ក៏បានដោះមួកសុវត្ថិភាពវាយបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចលើផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា បុរសបង្កសង្ស័យទាំង២ នាក់ ៖ មានឈ្មោះ ចាន់ យ៉ានអាយុ ៣១ ឆ្នាំ មុរបរ កម្មករសំណង់មានទីលំនៅ ភូមិ ព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងឈ្មោះ សួន សារ៉ាន់ អាយុ ៣១ ឆ្នាំ មុខរបរកម្មករសំ ណង់ មាន ទីលំនៅ ភូមិកំពង់ឬស្សីឃុំទំពូង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។ រីឯជនរងគ្រោះមានឈ្មោះកែវ លីនអាយុ ៣៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមអ្នកភូមិបានអោយដឹងថា មុនពេលកើតហេតុលើផ្លូវជាតិលេខ១មានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតមកលិច ស្រាប់តែក្នុងពេលនោះ ក៏មានបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងទិសដៅស្របគ្នាក្នុងល្បឿនលឿន ហើយបានជែង និងសំឡឹងមើលមុខ ធ្វើអោយបុរសសង្ស័យទាំង២ខឹង ក៏បានលោតចុះពីលើម៉ូតូរួចលើកមួកសុវត្ថិភាពវាយតែម្ដង ដោយឃើញសកម្មភាពបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍ និងឃាត់ខ្លួនបុរសសង្ស័យទាំង២នាក់ មកកាន់នគរបាលប៉ុស្តិ៍ ព្រមទាំងបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរពេទ្យបង្អែកជីភូរ ក្រុងបាវិតដើម្បីព្យាបាលមុខរបួស ។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន