ភ្នំពេញ:ជនសង្ស័យបីនាក់ក្នុងនោះមានស្ត្រីជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា នេះ បញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរករណីអំពើជាអន្តរកាលនៃការពរពោះ ឬ និយាយសាមញ្ញថា ការជួលស្រ្តីខ្មែរឲ្យពរពោះបង្កើតកូនជំនួសនិងផ្តល់ឯកសារដោយទុច្ចរិត ។
នាយការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនរាជធានីភ្នំពេញ លោក កែវ ធា ថ្លែងថា បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងស្ថិតក្រោមការសាកសួររបស់លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
របាយការណ៍សមត្ថកិច្ច បង្ហាញថា ជនសង្ស័យទាំងបីនាក់ ឈ្មោះ CHALES TAMMY ALAYNE ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ PE-0402481 ឈ្មោះ ពេញ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និង ឈ្មោះ សំរិទ្ធ ចាន់ចរិយា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរឆ្មប ស្នាក់នៅសង្កាត់ វាលវង់ ខណ្ឌ៧មករា ។
ក្រុមជនសង្ស័យ ត្រូវបានសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ និងខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះ ។
សមត្ថកិច្ច បញ្ជាក់ថា នៅពេលដែលបណ្តាប្រទេសដទៃចេញច្បាប់បិទមិនឲ្យមានការជួលស្រី្តពរពោះដើម្បីកើតកូនជំនួស បណ្តាញជំនួញនេះបានហូរចូលកម្ពុជា ហើយបង្កើតមេខ្យល់អោយដើរលួងលោម អូសទាញ ស្ត្រីឲ្យរកស៊ីឈ្នួល ពរពោះជំនួសអ្នកដែលចង់បានកូន ហើយរហូតដល់ក្រុមមនុស្សប្រុសស្រលាញ់ប្រុសដូចគ្នាចង់បានកូន ក៏មកកម្ពុជារកកូនដែរ ។ ជំនួញមួយនេះ ធ្វើឲ្យពួកឈ្មួញចំណេញកប់ពពក អ្នកចង់បានកូនត្រូវចំណាយ៥ម៉ឺនដុល្លារអាមេរិក ៕ ចេស្តា