ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន បន្ទាប់ពីបង្កហិង្សាយកដំបងឫស្សីវាយក្បាលបុរសម្នាក់បណ្តាលឲ្យហូរឈាមស្រោចខ្លួន ក្នុងទំនាស់ពាក់សម្តីរឿងខឹងមិនឲ្យផឹកស្រាជាមួយ ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង ១៩និង០០នាទី ស្ថិតនៅភូមិព្រែកតាហ៊ីង ឃុំព្រែក ថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ស្រ៊ុន ម៉េងស៊ីម ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាហ៊ីង ឃុំព្រែក ថ្មី ស្រុកកោះធំ ខេត្តកណ្ដាល បានរងបួសត្រចៀកខាងស្ដាំ ។ រីឯជនសង្ស័យឈ្មោះ ស្រស់ ចាន់ដារ៉ា(ហៅ យ៉ា) ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងផ្ទះ មានទីលំនៅ ភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។
បន្ទាប់ពីការចាប់ខ្លួន សមត្ថកិច្ចបានចាប់យកវត្ថុតាង៖ ដំបងឫស្សីចំនួន០១ប្រវែង ១២០ ស.ម ទំហ៊ំប៉ុនកដៃផងដែរ ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួន នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង១៩ ជនរងគ្រោះ កំពុងផឹកស្រាបៀរនៅផ្ទះរបស់ខ្លួនជាមួយមិត្តភក្តិខ្លួនមានគ្នាចំនួន២នាក់ទៀត មានឈ្មោះឃ្លោក ភេទប្រុស និងឈ្មោះ ជឿង កាន ភេទប្រុស។ នៅពេលកំពុងផឹក ស្រាបៀរស្រាប់តែជនសង្ស័យឈ្មោះ ស្រស់ ចាន់ដារ៉ា ក្នុងសភាពស្រវឹងស្រា បានកាន់ស្រាថ្នាំមួយដបដើរចូលមកផឹកជាមួយជនរងគ្រោះ តែជនរងគ្រោះ មិនព្រមអោយផឹកជាមួយ ក៏កើតមានទំនាស់ពាក្យសំដីគ្នា ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញ ទៅមកនៅ ពេលនោះជនសង្ស័យ ក៏បានទាញដំបងឫស្សីវាយទៅលើជនរងគ្រោះ ០១ ដំបង ចំគុម្ពត្រចៀកខាងស្ដាំ បណ្ដាលឲ្យរងរបួសហូរឈាមតែម្ដង។ ភ្លាមនោះសមត្ថកិច្ចបានទទួលព័ត៌មាននេះ ហើយបានចុះដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបញ្ជូនមកធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ ចាត់ការតាមនីតិវិធី ៕ ថាច់ យ៉ាត