ព័ត៌មានទាន់ហេតុការណ៍៖

ខឹងមិត្តភក្តិយកម៉ូតូខ្លួនទៅបញ្ចាំលេងល្បែង ជ្រុលដៃវាយជើងក្លាយជាអ្នកទោស

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខឹងមិត្តភក្តិយកម៉ូតូខ្លួនទៅបញ្ចាំលេងល្បែងអស់ ទប់កំហឹងមិនបាន ស្ទុះទៅវាយបណ្តាលឲ្យរងរបួស កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិជម្ជូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា បែរជាមិត្តភក្តិប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនទៅវិញ ។

បុរសជាម្ចាស់ម៉ូតូហើយត្រូវមិត្តភក្តិប្តឹងសមត្ថកិច្ចនោះឈ្មោះ បេង ភារម្យ អាយុ៣១ឆ្នាំ មុខរបរ កសិកររស់នៅភូមិពោធិដុះ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ចំណែកមិត្តភក្តិជាដើមបណ្តឹងមានឈ្មោះ ហេង គឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិ-ឃុំ ជាមួយគ្នា ហើយត្រូវជាមិត្តភក្តិនឹងគ្នា ។

តាមសម្តីជនជាប់ចោទ បានឲ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមក ខ្លួនបានជិះម៉ូតូមកលេងផ្ទះជួលរបស់មិត្តភ័ក្រនៅភូមិជម្ពូវ័ន ហើយក្រោយពីបានជួបគ្នាហើយ ឈ្មោះ ហេង គឿនបានខ្ចីម៉ូតូម៉ាកគុបជ្រុង ជិះមួយភ្លែត តែបែរជាទៅបាត់រហូត ដល់វេលាម៉ោង១០យប់ ថ្ងៃដដែល ដើររកឃើញមិត្រភក្តិនៅមុខវត្តជម្ពូវ័ន សាកសួររឿងម៉ូតូ ហេង គឿន បានប្រាប់ថា យកទៅបញ្ចាំនៅឃ្លាំងរំសេវបាត់ហើយ បានលុយ៥០ដុល្លារ លេងហ្គេមបាញ់ត្រីអស់លុយហើយ ខឹងខ្លាំងពេក ទ្រាំមិនបាន រើសបានឈើជ្រុង វាយជើងស្តាំបណ្តាលឲ្យរបួសមុតចេញឈាម ហើយចាកចេញបាត់ ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពី ម្ចាស់ម៉ូតូ វាយមិត្តភក្តិ ហើយគេចខ្លួន រហូតដល់វេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា បន្ទាប់ពីប្រទះឃើញចុងចោទ នៅត្រង់វង្វង់មូលចោមចៅ ក៏ប្តឹងប៉ូលិសឃាត់ខ្លួន នាំទៅសាកសួរ និងចោទប្រកាន់ប្រើអំពើហិង្សាបង្កឲ្យមានរបួសស្នាមតែម្តងនៅប៉ុស្តិ៍ចោមចៅ ។

ជនចាប់ចោទ និងដើមចោទ ទោះត្រូវជាមិត្តភក្តិនឹងគ្នា ក្រោយពីជួបបញ្ហា និយាយត្រូវរ៉ូវគ្នានៅប៉ុស្តិ៍រដ្ឋបាលក៏ដោយ ក៏ផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ទាមទារបញ្ជូនជនជាប់ចោទទៅផ្នែកជំនាញដដែើ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖