ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់ឈឺពោះខ្លាំងពេកសម្រាលកូនលើម៉ូតូឌុបតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារចោមចៅ

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីម្នាក់ឈឺពោះសម្រាលកូន ហើយបានជិះម៉ូតូឌុបទៅមន្ទីរពេទ្យទាំងមេឃកំពុងភ្លៀងរលឹមស្រិចៗ ហើយពោះកាន់តែឈឺខ្លាំង ក៏សម្រាលនៅតាមពាក់កណ្តាលផ្លូវ ក៏ឆ្លងទន្លេនៅលើម៉ូតូតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ស្ត្រីសម្រាលកូនពាក់កណ្តាលផ្លូវឈ្មោះ យ៉េន ស៊ីលាន អាយុ៤២ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន៩នាក់ ស្នាក់នៅផ្ទះជួល ជាមួយបងស្រី នៅភូមិព្រៃសណ្តែកថ្មី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ មានប្តីឈ្មោះ ហ៊ន សាម អាយុ៤៤ឆ្នាំ តែលែងលះគ្នាហើយ ។

តាមសម្តីស្ត្រីម្នាក់ដែលអះអាងថា ជាបងស្រីនោះនិយាយថា ប្អូនស្រីរបស់គាត់មានជីវភាពក្រីក្រណាស់ ហើយមានកូនដល់ទៅ៩នាក់ទៀត (ស្រី៦នាក់ ប្រុស៣នាក់) ។

ស្ត្រីខាងលើបានបន្តថា ប្តីរបស់គាត់ជាមនុស្សចូលចិត្តផឹកស៊ីប្រើអំពើហិង្សាលើប្រពន្ធកូនជាញឹកញាប់ រហូតដល់គាត់ទ្រាំលែងបាន ក៏បានសុំលែងលះ រួចហើយរត់មករស់នៅជាមួយគាត់ ទាំងមិនបានដឹងថា ខ្លួនផ្ទៃពោះផង ទាល់តែមករស់នៅផ្ទះជួល ទើបដឹងថា មានផ្ទៃពោះ ។ លុះមុនពេលកើតហេតុ ប្អូនស្រីគាត់ ក៏ចាប់ផ្តើមឈឺពោះសម្រាលកូន រូបគាត់បានជួលម៉ូតូឌុបក្នុងតម្លៃ២ម៉ឺនរៀលបំណងឲ្យជួយដឹកទៅសម្រាលកូននៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ប៉ុន្តែពេលជិះម៉ូតូឌុបជាមួយគាត់មកដល់ចំណុចខាងលើ ស្រាប់តែឈឺពោះខ្លាំងពេក ក៏សម្រាលកូនលើម៉ូតូឌុបតែម្តង ទើបប្រាប់ឲ្យម៉ូតូឌុបឈប់ចិញ្ចើមផ្លូវ ទាំងមេឃកំពុងរលឹមស្រិចៗ ឃើញបែបនេះ នគរបាលចរាចរណ៍ដែលប្រចាំការនៅជិតនោះបានយកឆត្រមកបាំងឲ្យ និងបានហៅរថយន្តសង្គ្រោះរបស់សម្ភពចោមចៅមកជួយកាត់ទងសុក និងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ស្ត្រីជាបងស្រីបានបន្តទៀតថា រថយន្តសង្គ្រោះរបស់គ្លីនិកចោមចៅបានយកថ្លៃឈ្នួលកាត់ទងសុក និងថ្លៃដឹកចំនួន៣០ដុល្លារ តែគាត់មិនមានប្រាក់បង់ទេ បានធ្វើកិច្ចសន្យាជំពាក់សិនពេលមានប្រាក់នឹងសងវិញ ។

ពេលទៅដល់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ទាំងកូននិងម្តាយមានសុខភាពធម្មតាទេ ទារិកាដែលបង្កើតនៅលើម៉ូតូឌុបនេះមានទម្ងន់២,២ខាំ បច្ចុប្បន្នកំពុងតែសម្រាលនៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដោយមិនមានប្រាក់កាសសម្រាប់បង់ថ្លៃពេទ្យ និងទិញបាយហូបចុកទេ ។

ស្ត្រីសម្រាលកូនសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់រូបគាត់ផង ។ ដោយសារតែស្ត្រីរូបនោះអត់មានប្រាក់សោះ អ្នកយកព័ត៌មានទូរទស្សន៍ហង្សមាសម្នាក់បានឧបត្ថម្ភចំនួន២ម៉ឺនរៀលដល់រូបគាត់ ពេលទៅយកព័ត៌មាននោះផងដែរ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖