ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង ០៨និង៣០នាទីយប់ថ្ងៃទី ២១ ខែវិច្ចិកា ឆ្នាំ ២០១៦ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោង សហការជាមួយអាវុធហត្ថខេត្ត ចំនួន១០នាក់ ដឹកនាំដោយលោក យិត សាអឿន មេបញ្ចាការង សម្របសម្រួលដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារង និងបញ្ចាពីលោក អ៊ិតសុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ឆ្មក់ចូលឃាត់ខ្លួនម្ចាស់ហាងការ៉ាអូខេបាន២នាក់និងនារីចំនួនសរុប២៤នាក់ ដែលបង្កប់ការបម្រើសេវាផ្លូវភេទ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះបង្រ្កាប់ ហាងទី១ឈ្មោះ ការាអូខេ ជំនោររីករាយ មានទីតាំងនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ដែលមានម្ចាស់ហាងឈ្មោះ អ៊ឹង ប៊ុន ឆាយ ភេទប្រុស អាយុ ៥០ឆ្នាំ និងនារីចំនួន១៥នារីនាក់ ។
ប្រភពបន្តថា រីឯហាងទី២ ឈ្មោះ ការ៉ាអូខេម្លប់ដូង មានទីតាំងនៅភូមិ លាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ដែលមានម្ចាស់ឈ្មោះ អ៊ុក រតនា ភេទប្រុស អាយុ ២៣ឆ្នាំ និងនារី៩នាក់ បន្ទាប់មក បានបញ្ជូននារីទាំង២៤នាក់ ទៅសួរចម្លើយ និងអប់រំណែនាំនៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថស្រុកស្ទោង រួចហើយអោយត្រឡប់ទៅផ្ទះវិញ ។
ប្រភពបន្តថា ដោយឡែកម្ចាស់ហាងទាំង២ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកំពង់ធំ បើសិនរកឃើញ ថា ពិតជាមានបទល្មើស សេវ៉ាកម្ម និងផ្ដល់ទីតាំងឬទទួលផលពីសេវាកម្មទាំងនេះ ត្រូវប្រឈមនឹងការដាក់ទោស ៕ ប៊ុន រិទ្ធី