ព័ត៌មានទាន់ហេតុការណ៍៖

លុច្ស រោងកុនបុរាណតែមួយគត់នៅកម្ពុជាអភិវឌ្ឍបច្ចេកវិទ្យាប៉ុន្តែបន្តអភិរក្សរូបរាងនិង​ចូលរួមគាំទ្រស្នាដៃភាពយន្តខ្មែរ

ចែករំលែក៖

ភ្នំពេញ៖ រោងភាពយន្តដ៏ល្បីល្បាញដែលកកើតឡើងក្នុងអំឡុងសម័យអាណានិគមនិយមបារាំងគឺរោងកុនលុច្ស បានក្លាយជារោងកុនបែបបុរាណតែមួយគត់នៅកម្ពុជា ដែលបើកដំណើរការរហូតមកដល់បច្ចុប្បន្ន។ បើទោះបីជាបំពាក់នូវឧបករណ៍បច្ចេកវិទ្យា ទំនើបចុងក្រោយក្តីក៏រោងភាពយន្តនេះនឹងកម្ទេចឬផ្លាស់ប្តូររូបរាងឡើងដើម្បីបន្តអភិ រក្សនិងចូលរួមគាំទ្រវិស័យភាពយន្តខ្មែរ ផងដែរ។

ការលើកឡើងនេះត្រូវបានធ្វើឡើងក្រោយពីរោងភាពយន្តចំណាស់ជាងគេនៅកម្ពុជាខាងលើបានរៀបចំទីតាំងអង្គុយ បច្ចេកវិទ្យាសំឡេងនិងម៉ាស៊ីនចាក់បញ្ចាំងឲ្យដើរទាន់រោងភាពយន្តទំនើបដូចរោងភាពយន្តនៅតាមបណ្តាប្រទេសក្នុងតំបន់។ អ្វីដែលគេចាប់អារម្មណ៍គឺរោងភាពយន្តនេះបានក្លាយជាទីកន្លែងរំលឹកអនុស្សាវរីយ៍ របស់គូស្នេហ៍វ័យចំណាស់ជាហូរហែ។

អ្នកគ្រប់គ្រងរោងភាពយន្តលុច្សបាន បញ្ជាក់ថា ដោយសារតែការស្រលាញ់ចូល ចិត្តនិងចង់លើកតម្កើងតម្លៃសិល្បៈភាព យន្តខ្មែរ និងចង់ទុករោងភាពយន្តនេះជាទីកន្លែងរំលឹកអនុស្សាវរីយ៍សម្រាប់អ្នកធ្លាប់មើលភាពយន្តកន្លងមកទើបគេមិនដាច់ ចិត្តវាយកម្ទេចរោងភាពយន្តនេះធ្វើជាទីតាំងអាជីវកម្មផ្សេងៗ។ ប្រភពបន្តថា រោងភាពយន្តនេះត្រូវបានបើកដំណើរការចាប់តាំងពីឆ្នាំ១៩៣៨មកហើយធ្លាប់បានចាក់បញ្ចាំងខ្សែភាពយន្តខ្មែរដ៏ល្បីៗពីអតីតកាលរហូតដល់បច្ចុប្បន្ន។ អ្វីដែលកាន់តែធ្វើឲ្យគេ ពិបាកនឹងសម្រេចចិត្តបិទរោងភាពយន្តនេះគឺកន្លងមកមានគូស្នេហ៍វ័យចំណាស់ជាច្រើនបានធ្វើដំណើរមកមើលភាពយន្តដើម្បីរំលឹកពីអនុស្សាវរីយ៍គ្រាដែលពួកគេនៅកំលោះក្រមុំផងដែរ។ រោងភាពយន្តនេះត្រូវបានគេចាត់ទុកថាជាទីកន្លែងសម្រាប់អភិរក្សនិងជាបេតិកភណ្ឌមួយមិនគួរមើលរំលង ពិសេសរោងភាពយន្តនេះបានជួយលើកតម្កើងមុខមាត់ភាពយន្តខ្មែរផងដែរដែលជាក់ស្តែងភាពយន្តខ្មែរដ៏ល្បីចុងក្រោយ គឺរឿង”កំណត់ហេតុនាងនាថ”នឹងត្រូវធ្វើការចាក់បញ្ចាំងនៅរោងភាពយន្តនេះចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកានេះតទៅ។

លោក ចាន់ណា រ៉ូណាន់ ផលិតករខ្សែភាពយន្ត”កំណត់ហេតុនាងនាថ” បាន បញ្ជាក់ថាលោកសម្រេចចិត្តជ្រើសរើស រោងភាពយន្តនេះសម្រាប់ចាក់បញ្ចាំងស្នាដៃចុងក្រោយរបស់លោកព្រោះតែលោកយល់ថាខ្សែរោងភាពយន្តនេះនៅតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនគ្រប់ស្រទាប់វណ្ណៈ។ អ្វីដែលពិសេសគឺរោងភាពយន្តនេះតែងស្វាគមន៍នូវរាល់ស្នាដៃផលិតរបស់កូនខ្មែរដែលជាចំណែកជួយ ដល់ផលិតករក៏ដូចជាមុខមាត់ខ្សែភាព យន្តខ្មែរផងដែរ។

លោកបញ្ជាក់ដែរថា ក្រៅពីជារោងភាពយន្តចំណាស់នៅកម្ពុជារោងភាពយន្តនេះបានបំពាក់នូវឧបករណ៍ទំនើបទាន់សម័យទាំងទីតាំងនិងសំឡេងមិនចាញ់រោងភាពយន្តទំនើបនានានៅកម្ពុជានិងបណ្តាប្រទេសក្នុងតំបន់នោះទេ។ លោករំពឹងថា ការរួម ចំណែកចាក់បញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តនេះនឹងបន្តជួយគាំទ្រអភិរក្សនិងអភិវឌ្ឍរោងភាពយន្តបុរាណចុងក្រោយនៅកម្ពុជាឲ្យបន្តមានជីវិតសម្រាប់កូនខ្មែរជំនាន់ ក្រោយបានដឹងនិងបានស្គាល់ហើយលោកក៏ជឿជាក់ដែរថាខ្សែភាពយន្តលោកនឹង ទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំង៕ វឌ្ឍនា

 

vuthy1-3 vuthy1-4 vuthy1-2 vuthy1 vuthy1-1


ចែករំលែក៖