ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកឡើងសួនច្បារទ្រូងផ្លូវ និងបុកបង្គោលភ្លើងបាក់រាបដល់ដី រួចបើកគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ៖ បង្គោលភ្លើង១ដើម និងដើមផ្កានៅលើសួនទ្រូងផ្លូវបានបាក់ខ្ទិចរាបដល់ដី ដោយសារតែបុរសម្នាក់ស្រវឹងស្រា បានបើករថយន្តហាយឡែនឌ័ររេចង្កូតទៅបុកយ៉ាងពេញទំហឹង រួចហើយបានបើកគេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ6A ត្រង់ចំណុចខាងត្បូងបន្ទាយទាហានជើងទឹក ប្រហែល២០០ម៉ែត្រ ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានបុរសស្រវឹងស្រាម្នាក់ ដែលជាអ្នកបង្កហេតុ ហើយបានបើករថយន្តម៉ាកហាយឡែនឌ័រ ពណ៌ស្ក តែមិនចាំស្លាកលេខ បានបើកតាមបណ្ដោយផ្លូវជាតិលេខ៦Aទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចកើតហេតុក៏ស្រាប់តែរេចង្កូតទៅបុកឡើងសួនទ្រូងផ្លូវ បណ្ដាលបាក់ដើមផ្កា និងបុកបង្គោលភ្លើងបាក់មួយដើមរៀបដល់ដី ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងទៀតថា ក្រោយពីបង្កហេតុរួច រថយន្តបង្កខាងលើបានបន្ថែមល្បឿនបើកទាំងបញ្ច្រាសទិសគេចខ្លួនទៅទិសខាងជើងបាត់ស្រមោលតែម្ដងដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានឡើយ ។

បន្ទាប់មក សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានលើកបង្គោលភ្លើងដាក់ឲ្យរៀបរយ កុំឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បង្កគ្រោះថ្នាក់បន្ថែមទៀត៕ ជីម ភារ៉ា ដង្កោ

img_8602 img_8606 img_8609 img_8612 img_8614


ចែករំលែក៖