ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋខេត្តព្រះសីហនុខ្វល់ខ្វាយអំពីល្បែងស៊ីសងគ្រប់ប្រភេទ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនៅខេត្ត ព្រះសីហនុអះអាងថា ល្បែងស៊ីសងគ្រប់ប្រភេទបន្តធ្វើសកម្មភាពក្នុងមូលដ្ឋាន ទោះបីជាស្នងការនគរបាលខេត្តចេញលិខិតព្រមានដល់សមត្ថកិច្ចជំនាញក្រោមឱវាទនៅតាមមូលដ្ឋាន ឲ្យលុបបំបាត់បទល្មើសល្បែងស៊ីសងជាបន្តបន្ទាប់បែបណាក្តី។

ប្រជាពលរដ្ឋបានរិះគន់សមត្ថកិច្ចជំនាញពាក់ព័ន្ធខ្លះនៅខេត្តព្រះសីហនុថា ទំនងជា មានអ្នកបើកដៃ ឬ ឈរនៅពីក្រោយបទល្មើសល្បែងស៊ីសងទាំងនោះ ទើបឈ្មួញល្មើសអាចបើកល្បែងស៊ីសងទាំងនោះបានដោយរលូន និងគ្មានសកម្មភាពចុះបង្ក្រាប ឲ្យមានប្រសិទ្ធភាព ។

សាធារណជនទូទៅដឹងថា បទល្មើស ល្បែងស៊ីសងគ្រប់ប្រភេទមានឆ្នោត ឬ កន្ទុយលេខ ភ្នាល់បាល់ និងបញ្ជល់មាន់ជា ដើមបានបន្តបើកធ្វើអាជីវកម្មជាធម្មតានៅមូលដ្ឋានក្នុងខេត្តព្រះសីហនុ ដោយគ្មានសមត្ថកិច្ចឬស្ថាប័នពាក់ព័ន្ធណាមួយចេញមុខបង្ក្រាបទេ ។

ប្រជាពលរដ្ឋចង់ឃើញកម្លាំងនគរបាល និងកម្លាំងស្ថាប័នជំនាញពាក់ព័ន្ធដទៃទៀត ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើសកម្មភាពយូរឆ្នាំ ហើយគ្មានកម្លាំងសមត្ថ កិច្ចបង្ក្រាបកន្លងទៅ ។

ប្រជាពលរដ្ឋកត់សម្គាល់ថា បទល្មើសល្បែងស៊ីសងដែលបើកធ្វើអាជីវកម្មនៅខេត្តព្រះសីហនុកន្លងទៅ ពួកគេហាក់មិនញញើត នឹងបទបញ្ជារបស់សម្តេច ស ខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដែលតែងបានក្រើនរំឭកម្តងជាពីរដងទៅដល់កម្លាំងនគរបាលនៅតាមមូលដ្ឋាននានា ឲ្យបន្តអនុវត្តបទបញ្ជាភូមិ-ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពទេ ។

លោក ភុល ភស្តារ អធិការនគរបាល ក្រុងព្រះសីហនុបានឲ្យដឹងថា កម្លាំងជំនាញគ្រប់ស្ថាប័ននៅមូលដ្ឋាននេះ ពិសេសរដ្ឋ បាលក្រុងព្រះសីហនុផ្ទាល់បានកោះអញ្ជើញ អ្នកជាប់ពាក់ព័ន្ធការធ្វើអាជីវកម្មល្បែងស៊ីសងគ្រប់ប្រភេទ មានល្បែងឆ្នោត ឬកន្ទុយ លេខ និងល្បែងភ្នាល់បាល់ជាដើមមកជួប ប្រជុំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ប្រកបអាជីវកម្មបន្តទៀត ។

ប្រជាពលរដ្ឋភាគច្រើននៅខេត្តព្រះសីហនុ បានចំអកថា ល្បែងស៊ីសងគ្រប់ប្រភេទ មានល្បែងភ្នាល់បាល់ ដែលមានទីតាំងនៅក្នុងបរិវេណមហោស្រពចាស់ ម្ចាស់ទីតាំង នេះអះអាងថា ពួកគេមានខ្នងបង្អែកជាប់សាច់ញាតិមន្ត្រី មានឋានៈពាក់ផ្កាយ កំពុង បម្រើការងារនៅក្រសួងមហាផ្ទៃ គឺនៅបន្តបើកធ្វើអាជីវកម្មជាធម្មតា ។

ជាងនេះទៀត ល្បែងកន្ទុយលេខ ឬឆ្នោត ជាដើម បានធ្វើសកម្មភាពរីកដូចផ្សិតនៅតាមហាងកាហ្វេនានា ពិសេសនៅតាមទីផ្សារនានានៅទូទាំងក្រុងព្រះសីហនុមានផ្សារពាណិជ្ជកម្ម និងផ្សារលើជាដើម ដោយគ្មានសមត្ថកិច្ចបង្ក្រាបនោះទេរហូតមកដល់ ពេលនេះ ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ក៏បានព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ មានអធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានាដែលទុកបណ្តោយឲ្យមានសកម្មភាពចែកចាយ ឬប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់បន្តធ្វើសកម្មភាពនៅក្នុងមូលដ្ឋានរៀងៗខ្លួន ។

លោក ជួន ណារិន្ទ សង្កត់ធ្ងន់ថា បើ សិនជារូបលោករកឃើញថា នៅតាមមូលដ្ឋានណាមួយដែលអធិការក្រុង ស្រុក និង នាយប៉ុស្តិ៍រដ្ឋបាលតាមឃុំ-សង្កាត់នានា ទុក បណ្តោយឲ្យមានបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងបន្តកើតមាននៅតាមមូលដ្ឋាននីមួយៗ ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានទាំងនោះនឹងត្រូវទទួលខុសត្រូវទៅលើវិន័យ របស់កម្លាំងនគរបាលជាតិ ៕ ហេង នរិន្ទ្រ

sihanu


ចែករំលែក៖