ភ្នំពេញ ៖ យ៉ាងហោចណាស់ ក៏មានមនុស្ស៣នាក់ ក្នុងនោះមាននារីម្នាក់ផង រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូ២គ្រឿងបើកបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធោធិសែនជ័យ ។
ភាគីម៉ូតូម៉ាក MSXពណ៌ខ្មៅ មិនមានពាក់ស្លាកលេខ ជិះដោយយុវជនម្នាក់ឈ្មោះ សែម សំណាង អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យជម្ពូវ័ន មានទីលំនៅភូមិតំណាក់ត្រយ៉ឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកមុខ វង្វេងបាត់ស្មារតី ។ ចំណែកភាគីម៉ូតូ ហុងដាសេ១១០ សេរី២០១២ ប៉ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-7093 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ លឹម ប្រុស អាយុ៣៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិគប់គង សង្កាត់ចោមចៅ មានស្រុកកំណើត នៅចេត្តពោធិសាត់ រងរបួសបែកមុខ មាត់ បាក់ធ្មេញអស់៣គ្រាប់ សន្លប់វង្វេងបាត់ស្មារតី និងរួមដំណើរដោយនារីវ័យក្មេងម្នាក់ ឈ្មោះ ឈឹម ស្រីណូ អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រជាមួយគ្នា មានទីលំនៅ ភូមិសង្កាត់ ជាមួយគ្នា រងរបួសបាក់ជើងស្តាំ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភាគីម៉ូតូ សេ១១០ ជិះឌុបគ្នាឆហលងផ្លូវពីកើតទៅលិច គោលបំណងឆ្ពោះទៅរោងចក្រ ស្របពេលដែលកំពុងបើកឆ្លងនោះ ស្រាប់តែម៉ូតូ MSX បើកបោះពួយពីត្បូងទៅជើងល្បឿនលឿន វ៉ាជែងរថយន្ត ជ្រុលទៅបុក មូ៉តូសេ១១០ ទល់មុខពេញទំហឹង បណ្តាលឲ្យម៉ូតូ គៀបជាប់គ្នា បាក់កម៉ូតូទាំងពីរគ្រឿងខ្ទេច មនុស្ស៣នាក់រងរបួសធ្ងន់ ។
ក្រោយកើតហេតុ ជនរងគ្រោះខាងម៉ូតូ MSX ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូទៅពេទ្យដោយខ្លួនឯង ចំណែកជនរងគ្រោះខាងម៉ូតូ សេ១១០ ចំនួន២នាក់ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ