ខេត្តកណ្តាលៈ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូបើកបុកអ្នកថ្មើរជើងបណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៦១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ស្ថិតក្នុងភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា អ្នកថ្មើរជើងរងរបួសធ្ងន់នោះឈ្មោះ យឹម សុខុម ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិព្រែកក្ដាម១ ឃុំកោះចិន ស្រុកពញាឮ ។ ចំណែកឯម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ02 1-8102 បើកបរដោយឈ្មោះ គង់ ភក្ដី ភេទប្រុស អាយុ១៩ឆ្នាំ (រងរបួសធ្ងន់) និងអ្នករួមដំណើរជាមួយម្នាក់ឈ្មោះ យឿន យីន ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសស្រាល) ។ ទាំង២នាក់នេះមានទីលំនៅភូមិសង្កើប ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ02 1-8102 បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីស្ពានព្រែកក្តាមឆ្ពោះទៅខេត្តកំពង់ចាម ដោយល្បឿនលឿន ។ លុះបើកដល់ចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកអ្នកថ្មើរជើងកំពុងដើរឆ្លងផ្លូវពីលិចទៅកើត បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសទាំងសងខាងតែម្តង ។ ក្រោយពីមានហេតុការណ៍កើតឡើងជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូត បញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមច្បាប់ ៕ ស្អាងជ័យ