ភ្នំពេញ ៖ ស្រ្តីវ័យចំណាស់ម្នាក់ ខណៈដែលខ្លួនផ្ទុកមេរោគអេដ៍ផង ជំងឺរបេងផង កំពុងដេកសម្រាកព្យាបាលថែសុខភាព នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ អស់រយៈពេលជាង១ខែ បែរជាលោកប្តីហារស្តីចោទប្រកាន់ថា ដេកសម្ងំមានសហាយទៅវិញ ។
អំណាចនៃកំហឹងនេះឈានឡើងរហូតអត់ទ្រាំពុំបាន វាយប្រ៉ាវរំសាយកំហឹង បង្កឲ្យផ្អើលអ្នកជំងឺ និងគ្រូពេទ្យ កាលពីវេលាម៉ោង១០និង២៥នាទីព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅក្នុងមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងតែម្តង ។
ស្រ្តីខាងលើមានឈ្មោះ ជិន មុំ អាយុ៣២ឆ្នាំ មានជំងឺប្រចាំកាយអេដស៍ និងរបេង ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិ បឹងត្រាញ់ខាងត្បូង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។ ចំណែកលោកប្តី ចិត្តភ្លើងមានឈ្មោះ ហួត មុ៉ងហាក់ អាយុ៤៣ឆ្នាំ មានស្រុកកំណើតភូមិក្បាលថ្នល់ ឃុំទួលសុភី ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។
ស្រ្តីខាងលើមានជំងឺអស់រយៈពេល១៨ឆ្នាំកន្លងមកហើយ រស់ទាំងត្រដរ រាងកាយស្បែកដណ្តប់ឆ្អឹង មានកូនចំនួន៣នាក់ ប្រុស២នាក់ ស្រី១នាក់ ។
តាមសម្តីស្រ្តីខាងលើ បានអោយដឹងថា ក្រោយពីលែងលះជាមួយប្តីដើមរួចមក បានយកប្តីក្រោយ បុរសឈ្មោះ ហួត មុ៉ងហាក់ ខាងលើ បានគ្នារយៈពេល៥ឆ្នាំ មកហើយមានទាំងកូនម្នាក់ ហើយរូបគាត់ ធ្លាក់ខ្លួនមានជំងឺ ប្រចាំកាយ ជាច្រើនឆ្នាំមកហើយ តែដោយសារសភាពជំងឺចេះតែដុនដាបទៅៗ ក៏សម្រេចចិត្តមកចូលដេកសម្រាកមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង អស់រយៈពេលជាង១ខែ រស់ដោយសារ គ្រូពេទ្យ អ្នកជិតខាង ហុចជាបាយ ជាទឹក រីឯប្តី យូរៗមកអើតមើលម្តង ។
ស្រ្តីដដែលបន្តទៀតថា លុះរហូតមកដល់យប់ថ្ងៃទី២៥ ខែវិច្ឆិកា លោកប្តីបានមកតាមហៅ ឲ្យទៅរកហូបអ្វី នៅខាងក្រៅ តែដោយសារ សុខភាពមិនមាំទាំ គ្មានអារម្មណ៍ នឹកចង់ហូបអ្វីកើត ក៏មិនបានទៅតាមអ្វីដែលប្តីហៅនោះទេ ស្រាប់តែនៅវេលាម៉ោងខាងលើព្រឹកថ្ងៃទី២៦ នេះ លោកប្តីធ្វើដំណើរមកតាមដល់មន្ទីរពេទ្យ ដោយអំណាច ទប់កំហឹងខឹង ណាត់ទៅហូបអ្វី មិនព្រមទៅផង កើតជាទំនាស់សម្តី ជេរនិងចោទប្រកាន់លើប្រពន្ធ ថាសម្ងំដេកមានសហាយទៅវិញ ។ ចឹងតើទើបមិនទៅផ្ទះ មើលថែកូន មិនតែបុ៉ណ្ណោះ ឈានទៅដល់បង្កហិង្សា វាយប្រ៉ាវ ផ្អើលអ្នកជំងឺក្បែរខាង និងគ្រូពេទ្យ ជួយអន្តរាគមន៍ ចាប់ឃាត់ ចៀសវាងបង្កបញ្ហា ពន្យល់ណែនាំ ទើបបុរសជាប្តីទន់ចិត្ត ដឹងកំហុសរបស់ខ្លួន ស្តាប់ការទូន្មានរបស់គ្រូពេទ្យ រួចសុំទោសប្រពន្ធ គ្រូពេទ្យ ហើយផ្តល់ថវិកាចំនួន៣០ដុល្លារ ជូនទៅភរិយា សម្រាប់មើលថែសុខភាព រួចរាល់ហើយទើបលាប្រពន្ធវិលត្រឡប់ទៅមើលថែកូនឯស្រុកកំណើតវិញ ៕ សុខាសែនជ័យ