ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អតិថិជនទិញដីក្រុមហ៊ុនលោករ៉ាឌីន កំពុងជ្រួល​

ចែករំលែក៖

ក្រុមអាជីវករដែលទិញដីក្រុមហ៊ុន SP Development របស់លោក រ៉ាឌីន ដែលជាថៅកែរណ្តៅដីដ៏ធំក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ បានខ្សឹបតៗគ្នាអំពីការដែលក្រុមហ៊ុនគ្មានដីពិតប្រាកដ ពោលគឺមានតែរណ្តៅដីដែលមិនទាន់ចាក់បំពេញរួច ។ នៅពេលដែលអាជីវករសួរនាំអំពីការអនុវត្តកិច្ចសន្យា ដូចជាគម្រោងសាងសង់ផ្លូវ និងបណ្តាញទឹក អគ្គីសនីជាដើមនោះ បែរជាមេធាវីខាងក្រុមហ៊ុនជំរុញឲ្យអតិថិជនបង់លុយផ្តាច់ទៅវិញ ។ ចំណុចទាំងនេះធ្វើឲ្យអតិថិជនជាច្រើនកំពុងមានមន្ទិល ហើយថា ក្រុមហ៊ុនរបស់លោក រ៉ាឌីន លក់ដីលើប្លង់ខ្យល់ ។

 

ក្រុមអ្នកទិញបានខ្សឹបខ្សៀវគ្នាថា ក្រុមហ៊ុនបានសន្យាធ្វើផ្លូវនិងរៀបចំប្រព័ន្ធទឹកភ្លើងឲ្យបានរួចរាល់នៅអំឡុងខែសីហា ឆ្នាំ២០១៦ ។ ប៉ុន្តែវេលានេះ គឺជិតដាច់ខែវិច្ឆិកាទៅហើយ មិនត្រឹមតែមិនទាន់ឃើញមានការអភិវឌ្ឍនៅលើប្លង់ក្រដាសប៉ុណ្ណោះទេ សូម្បីតែទីតាំងដីពិតប្រាកដ ក៏មិនទាន់ឃើញដែរ ។ មេធាវីតំណាងក្រុមហ៊ុនរបស់លោក រ៉ាឌីន បានត្រឹមតែជំរុញឲ្យអតិថិជនបង់លុយឲ្យឆាប់ៗ ឬបង់លុយផ្តាច់ ប៉ុន្តែមិនព្រមបង្ហាញទីតាំងដី និងអ្វីដែលជាការសន្យានោះទេ ។ ប្រការនេះធ្វើឲ្យអតិថិជនកាន់តែជ្រួលច្របល់ ពីព្រោះថា ម្នាក់ៗបង់លុយច្រើនណាស់ទៅហើយ ។ គេខ្សឹបខ្សៀវថា ក្រុមហ៊ុននេះលក់ដីលើប្លង់ទទេបានលុយជាង២លានដុល្លារទៅហើយ ។

 

លោក រ៉ាឌីន ត្រូវគេអះអាងថា ជាអ្នកមានរណ្តៅដីធំៗនៅក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។ រីឯដីដែលប្រកាសពុះឡូត៍លក់នោះ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ប្រមាណជិត១ពាន់ឡូត៍ ។ គេខ្សឹបថា រឿងដីនោះមានហើយ ប៉ុន្តែវាស្ថិតនៅជារណ្តៅ ដែលកន្លែងខ្លះជ្រៅរហូតដល់៥០ម៉ែត្រ ។ មិនដឹងថា គេត្រូវដឹកជញ្ជូនដីពីទីណា យកមកចាក់បំពេញរណ្តៅដីនោះទេ ។ យ៉ាងដូច្នេះហើយបានជាការសន្យាក្នុងការអភិវឌ្ឍដីឡូត៍ ដែលលក់ឲ្យអតិថិជននោះមិនចេញជារូបរាង ។ ដោយសារតែការមិនចេញជារូបរាងនេះហើយ ទើបអតិថិជនយល់ថា ក្រុមហ៊ុនរបស់លោក រ៉ាឌីន លក់ដីខ្យល់ ៕

 

 

 


ចែករំលែក៖