ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដែលបង្កដោយរថយន្តម៉ាស្ដាមួយគ្រឿង បើកក្នុងល្បឿនលឿន ខណះដល់ផ្លូវបំបែកជាបួន មិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុករថយន្តកាមីហាយព្រីដ ចំពីចហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់អូឫស្សី៣ ខណ្ឌ៧មករា ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.5358 បើកបរដោយបុរសម្នាក់ ដែលមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ទិសដៅពីលិចទៅកើតក្នុងល្បឿនល្មម ខណៈដល់ចំណុចកើតហេតុ ដោយបំណងបើកឆ្លងផ្លូវ តែឆ្លងបានបន្តិច ក៏ត្រូវបានរថយន្តបង្កម៉ាកម៉ាស្ដា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.8207 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណដូចគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយមិនប្រយ័ត្ន ក៏ជ្រុលមកបុករថយន្តកាមរីហាយព្រីដចំពីចហៀងខាងមុខពេញទំហឹង បណ្ដាលឲ្យរថយន្តកាមរីហាយព្រីដដាច់កាឡែកង់មុខផ្នែកខាងឆ្វេង ឯរថយន្តបង្កខូចខាតខាងមុខ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានចុះសម្របសម្រួលគ្នាអស់រយៈពេលជាយូរដោយមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជងគោករាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ