ភ្នំពេញ៖ បុរសពីរនាក់បងប្អូនបង្កើតស្រវឹងស្រាបើករថយន្ដមួយគ្រឿងម៉ាក កាមរីបាឡែនបានរេចង្កូតបុកចូលក្នុងហាងម៉ាស្សាមួយកន្លែងបណ្ដាលអោយរងការខូចខាតផ្នែងខាងមុខទាំងស្រុងតែមិនបង្កអោយមានអ្នករងរបួសនោះ ឬគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្ថិ កែងផ្លូវលេខ១០៤ ស្ថិតក្នុងសង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
រថយន្ដបង្កម៉ាកកាមរីបាឡែនពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ-5220 បើកបរដោយបុរសពីរនាក់ជាបងប្អូនបង្កើតនឹងគ្នាទាំងស្ថានភាពស្រវឹងទាំងពីរនាក់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុីសុវត្តិទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅខាងស្ដាំដៃជ្រុលបុកចូលហាងម៉ាស្សាដែលមានស្លាកយីហោ អមតៈប៊ីយូធីស្ប៉ា បណ្ដាលអោយរងការខូចខាតទ្វារខាងមុខនិងផើងផ្កាចំណែករថយន្ដរងការខូចខាតផ្នែកមុខទាំងស្រុងតែមិនបណ្ដាលមានអ្នករងរបួសនោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថា បុរស់ដែលជាអ្នកបើករថយន្តបង្កមានសភាពស្រវឹងស្រា ហើយបើកបរលឿនហួសល្បឿនកំណត់ មិនគោរពច្បាប់ទើបបង្កអោយមានគ្រោះថ្នាក់យ៉ាងដូចនេះ តែសំណាងហើយដែលមិនបានធ្វើអោយមានអ្នករងរបួសឬបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដ៌ទៃនោះ ដោយគ្រាន់តែធ្វើឲ្យខូចខាតតែរថយន្តនិងសម្ភារៈអ្នកដ៌ទៃតែប៉ុណ្ណោះ។
ក្រោយកើតហេតុភាគីខាងម្ចាស់រថយន្ដបានធ្វើការសម្របសម្រួលជាមួយម្ចាស់ហាងដែរតែដោយនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕ ព្រែកជ័យ