ខេត្តកណ្តាល៖ នាយកសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា លោក សុខ ពៅ បានរងការចោទប្រកាន់ពីសំណាក់សិស្សានុសិស្សជាច្រើនរយនាក់ថា បានប្រព្រឹត្តអំពើពុករលួយ ធ្វើឲ្យពួកគេទ្រាំមិនបាន ក៏ប្រមូលផ្តុំគ្នាផ្ទុះការតវ៉ានៅខាងមុខសាលាមិនព្រមចូលរៀននៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យមានការដោះស្រាយបន្ទាន់ ។
សាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ត្រើយស្លា មានទីតាំងតាមបណ្តោយផ្លូវជាតិលេខ១១០ ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រកស្អាង ខេត្តកណ្តាល ។ សិស្សសាលាដែលចេញមុខតវ៉ាមិនព្រមចូលរៀនមានចំនួន១០បន្ទប់ ប្រមាណ៣០០នាក់ ចាប់ពីថ្នាក់ទី១០.១១និងទី១២ ។ នៅពេលដែលអ្នកសារព័ត៌មានចុះយកព័ត៌មាន និងថតផ្តិតយករូបភាពនោះ លោក សុខ ពៅ ជានាយយកសាលា បានគំរាមមកលើអ្នកកាសែតថា (អ្នកកាសែតឯង អត់មានសិទ្ធិក្នុងការចុះយកព័ត៌មាន និងថតរូបភាពនៅទីនេះទេ លុះត្រា មានការអនុញ្ញាតពីក្រសួងអប់រំ ទើបអាចថតបាន) ។ ជាមួយនឹងពាក្យសំដីខាងលើនេះ លោក សុខ ពៅ បានយកម្រាមដៃចង្អុលមុខអ្នកព័ត៌មានយើងថែមទៀតផង ។
ការតវ៉ានេះសិស្សានុសិស្សបាននាំគ្នាសរសេរបដាយ៉ាងដូច្នេះថា៖ “ម្តាយឪពុកខ្ញុំជាអ្នកករខ្ញុំគ្មានលុយឲ្យអ្នកស៊ីតាមចិត្តទេ ” “ខ្ញុំមិនត្រូវការនាយកនិយាយគំរាមកំហែងដូចអ្នកទេ” “ខ្ញុំយល់ឃើញថាបញ្ហាមួយចំនួនយកលុយដោះស្រាយ” “លុយ២៥០០រៀលបានពីសិស្សម្នាក់ៗដោយការលក់ពាក្យយកទៅធ្វើអ្វី” ។
ក្រៅពីសរសេរបដា សិស្សានុសិស្សបាននាំគ្នាសំណូមពរបញ្ឈប់ការយកលុយម៉ោងកីឡាពីសិស្សម្នាក់ៗចំនួន៥០០រៀលក្នុងមួយខែ , បញ្ឈប់ការយកលុយម៉ោងពលកម្ម-កសិកម្មក្នុងម្នាក់ៗ២០០០រៀលក្នុងមួយខែ , បញ្ឈប់ការយកលុយទិញពាក្យសុំចូលរៀនចំនួន២៥០០រៀលក្នុងម្នាក់ៗ , បញ្ឈប់ការយកលុយពេលសិស្សមិនគោរពបទបញ្ជាផ្ទៃក្នុង ដោយអនុវត្តតាមវិន័យសាលាវិញ , បញ្ឈប់ការយកលុយ១០ទៅ២០ដុល្លាពីសិស្សរៀនខ្សោយ ដើម្បីបន្ថែមពន្ទុ និងបញ្ឈប់ការយកលុយពីសិស្សម្នាក់ៗចំនួន២០០០រៀលពេលសិស្សខ្ចីសៀវភៅពុម្ពយកទៅសិក្សា ។
លោកអនុសេនីយ៍ ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លាបានឲ្យដឹងថា ក្រោយពីមានករណីសិស្សានុសិស្សផ្ទុះការតវ៉ាលោកបានដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ចុះទៅរៀបចំសណ្តាប់ធ្នាប់នៅខាងមុខសាលា ដើម្បីបញ្ជៀសការកកស្ទះ ។ ដោយឡែកដំណោះស្រាយទុកឲ្យការិយាល័យអប់រំស្រុកស្អាង និងលោកនាយកសាលាធ្វើការដោះស្រាយជាមួយសិស្សានុសិស្សចុះ ដំណោះស្រាយយ៉ាងណានៅពុំទាន់ដឹងនោះទេ ។
ករណីសិស្សានុសិស្សផ្ទុះការតវ៉ានេះទើបកើតមានឡើងជាលើកទី១ សម្រាប់សាលាទាំងអស់ទូទាំងស្រុកស្អាង ។ ករណីតវ៉ានេះពុំដែលកើតមានពីមុននោះទេ ហើយនៅក្នុងសាលានេះក៏ពុំដែលមានដែរ ទើបតែលោក សុខ ពៅ ចូលកាន់តំណែងជានាយកសាលាក៏កើតបញ្ហានេះឡើងតែម្តង ។ គួបញ្ជាក់ថា ចាប់តាំងពីលោក សុខ ពៅ ឡើងកាន់តំណែងជានាយយកសាលាមក គាត់បានទិញរថយន្តទំនើបជិះមកធ្វើការ ខណៈដែលកាលមិនទាន់តំណែងតែជិះម៉ូតូកញ្ចាស់នោះទេ៕ ស្អាងជ័យ