ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីអាយុ២ឆ្នាំម្នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម ខណៈយាយរវល់បោសសំរាមនៅខាង មុខផ្ទះ រីឯឪពុកម្តាយចេញទៅច្រូតស្រូវ។ ករណីក្មេងស្រីលង់ទឹកស្លាប់នេះបានបង្កឲ្យ មាន ការភ្ញាក់ផ្អើលកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិរលាំងបែង ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលស្រុកថ្ពងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ ដែលស្លាប់ ឈ្មោះ យី សុខ អាយុ២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើត ហេតុខាងលើ។
តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុ ជីដូនក្មេង ស្រីរងគ្រោះបានបោសសំរាមនៅមុខផ្ទះ ហើយភ្លាមៗនោះក្មេងស្រីរងគ្រោះបានរត់ទៅលេងនៅស្រះទឹកខាងក្រោយផ្ទះ។ លុះមួយសន្ទុះក្រោមកជីដូនបាត់ចៅមិន ឃើញនៅក្នុងផ្ទះក៏តាមរក ស្រាប់តែប្រទះ ឃើញក្មេងស្រីរងគ្រោះលង់ទឹកស្លាប់បាត់ទៅហើយ។
ប្រភពបានឲ្យដឹងទៀតថា ក្រោយពេល កើតហេតុ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ លើសពក្មេងស្រីរងគ្រោះ រួចបានសន្និដ្ឋាន ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ ដោយសារតែការធ្វេសប្រហែសរបស់អាណាព្យាបាល ហើយបានណែនាំអាណា ព្យាបាលគ្រប់រូបសូមកុំឲ្យមានការធ្វេស ប្រហែសក្នុងការមើលថែទាំកូនៗដោយ ទុកឲ្យគេនៅម្នាក់ឯង ព្រោះវាអាចបង្កឲ្យ មានគ្រោះថ្នាក់ដល់អាយុជីវិតជាយថា ហេតុដូចករណីខាងលើនេះជាដើម។
បច្ចុប្បន្នសាកសពក្មេងស្រីរងគ្រោះត្រូវ បានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បី យកទៅធ្វើបុណ្យតាមប្រពៃណី៕ សហការី