ខេត្តសៀមរាប ៖ ជនជាតិចិន៣៤នាក់ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាបឃាត់ខ្លួនក្នុងរយៈ២ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្ទះល្វែងម្តុំផ្សារបុរីប្រិមប្រិយ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ។
មន្ត្រីនគរបាលដែលចុះឃាត់ខ្លួនជន ជាតិចិនខាងលើបានឱ្យដឹងថា បន្ទាប់ពី តាមដានស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់រួចមកកម្លាំងប្រតិបត្តិការ ទី១ខេត្តសៀមរាបបានសហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធចុះត្រួតពិនិត្យនៅចំណុចខាងលើរកឃើញជនជាតិចិន៣៨ នាក់ ក្នុងនោះ៤នាក់មានលិខិតស្នាមត្រឹម ត្រូវ ។ ចំណែក៣៤នាក់ទៀតមានតែលិខិត ឆ្លងដែនតែគ្មានបណ្ណការងារគ្មានសៀវភៅការងារត្រូវបានឃាត់ខ្លួនដើម្បីចាត់ការបន្តតាមច្បាប់ ។
លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ អនុ ប្រធានក្រុមប្រតិបត្តិការទី១ ខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តិនីតិវិធី ចំណុះឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៉ូ សេងលាង ប្រធានក្រុមប្រតិបត្តការទី១ ខេត្តសៀមរាប និងសម្របសម្រួលដោយ លោក ជួន សុខបញ្ញា ព្រះរាជអាជ្ញារង សាលាដំបូងខេត្តសៀមរាប។
លោកបន្តថា បើទោះបីមានជនបរទេស គ្រប់ប្រភេទលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ឬលួចស្នាក់នៅ និងធ្វើការងារនៅក្នុងខេត្តសៀមរាបដោយខុសច្បាប់ ព្រមទាំងមានការបំភ័ន្តភ្នែកសមត្ថកិច្ចយ៉ាង ណាក៏ដោយក៏ជំនាញត្រូវចាប់បញ្ជូនទៅ ប្រទេសរបស់ពួកគេវិញដែរ ៕ សហការី