ភ្នំពេញ៖ បន្ទាប់ពីលោកផ្កាយ៣ម្នាក់ នៅក្រសួងមហាផ្ទៃ បានឲ្យជាងសង់របងថ្មកម្ពស់ជិត២ម៉ែត្រ លយមកលើចិញ្ចើមផ្លូវសាធារណៈត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះណែនាំម្ចាស់ផ្ទះឲ្យវាយចោលដូចទម្រង់ដើមវិញ កាលពីល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ចំណុចផ្ទះលេខ៣៧ ផ្លូវលេខ៧៥ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងថា សំណងរបងថ្មប្រវែង៤,៤៥ម៉ែត្រ កម្ពស់១,៩០ម៉ែត្រដែលសងលើចញ្ចើមផ្លូវសាធារណៈនោះ ជារបស់ឈ្មោះសូត្រ សម្បត្តិ ។
បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ម្ចាស់ផ្ទះលេខ៣៧ បានជួលជាងមករៀបឥដ្ឋបណ្ដុះរបងបន្ថែមខណ្ឌលយមកលើចិញ្ចើមផ្លូវសាធារណៈ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយឃើញពីការរំលាភយកចញ្ចើមផ្លូវសាធារណៈដូច្នេះ ប្រជាពលរដ្ឋ ក៏បានរាយការណ៍ជូនអាជ្ញាធរខណ្ឌចុះមកត្រួតពិនិត្យជាក់ស្តែងផងដែរ ។
ដោយឡែកអាជ្ញាធរដែលចុះមកត្រួតពិនិត្យមើល ក៏បានឲ្យដឹងថា គឺតម្រូវឲ្យម្ចាស់ផ្ទះរូបនោះត្រូវតែរុះរើ ឬវាយចោលឲ្យដូចទម្រង់ដើមវិញ គឺទុករយះពេលឲ្យម្ចាស់ផ្ទះរុះរើដោយខ្លួនឯងចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ ហើយបើម្ចាស់ផ្ទះមិនយល់ព្រមតាមអាជ្ញាធរណែនាំនោះទេ នឹងមានវិធានការតាមក្រោយទៀត ៕ ស ដារ៉ា