ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំបុកអ្នកជិះម៉ូតូស្លាប់ម្ដាយ និងកូនប្រុស រួចបោលចូលវាលស្រែ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីជាម្ដាយ និងកូនប្រុសបានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រថយន្តធុនធំបុកពេញទំហឹង ខណៈកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នាពី(លិចទៅកើត) ចំណែករថយន្តបង្កបណ្ដាលឲ្យជ្រុលធ្លាក់ចូលវាលស្រែ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីម៉ែត្រលេខ ២១៨-២១៩ ស្ថិតក្នុងភូមិ-ឃុំស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់។

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកានប្រាប់ថា ជនរងគ្រោះស្លាប់ទី១ឈ្មោះ ឈុំ សំអុល ភេទស្រី អាយុ ២៥ឆ្នាំ និងទី២ឈ្មោះ ភា ផានិត ភេទប្រុស អាយុ ២ឆ្នាំ (ត្រូវជាកូន) ជនរងគ្រោះទាំងពីអ្នាកម្ដាយនិងកូនខាងលើនេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។

ប្រភពព័ត៌មានខាងលើបន្តថាជនរងគ្រោះម្ដាយ និងកូនប្រុសធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក់ ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1D 2234 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿង មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យម្ដាយនិងកូនប្រុសស្លាប់រដូករណេលនិងធ្លាក់ចូលវាលស្រែតែម្តង ចំណែកអ្នកបើកបររថយន្តឃើញហេតុការណ៍បែបនេះ កចុះរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។

ប្រភពដដែលបន្តទៀតថា រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B 8877 បើកបរដោយជនម្នាក់រត់គេចខ្លួន ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច(ស្របទិសគ្នា) វត្ថុតាងម៉ូតូនិងរថយន្តបង្ក ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី៕
បឹុម ពិន

w-2w-1

w-3 w-4 w-5


ចែករំលែក៖