ភ្នំពេញ៖ រថយន្ដកុងទីន័រមួយគ្រឿង បើកក្នុងល្បឿនលឿនមិនប្រយ័ត្នបុកដើមឈើជាមួយនឹងទូរថយន្ដផ្នែកខាងលើបណ្ដាលឲ្យដើមឈើដួលរលំសង្កត់លើរថយន្ដCRVមួយគ្រឿង ដែលម្ចាស់ចតទុកចោលរងការខូចខាត ហើយរថយន្ដបង្កព្យាយាមបើករត់គេចពីការទទួលខុសត្រូវ តែសមត្ថកិច្ចតាមឃាត់បាននៅផ្សារសុវណ្ណា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងជើងស្ថានទូតចិនប្រហែល៣០០ម៉ែត្រ តាមបណ្ដោយផ្លូវម៉ៅសេទង់ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
រថយន្ដបង្កជាប្រភេទរថយន្ដកុងទីន័រក្បាលពណ៍ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ 3C-8123 បើកបរដោយតៃកុង និងព្រូពីរនាក់ គេចខ្លួនបាត់។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កបើកក្នុងល្បឿនលឿនធ្វើដំណើរតាមបណ្ដោយម៉ៅសុីទង់ ទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុដោយរថយន្ដមានកំពស់ខ្ពស់បណ្ដាលអោយទូកុងទីន័រដែលនៅលើរថយន្ដបុកជាមួយមែកឈើដួលរលំដើមឈើទាំងមូលសង្កត់លើរថយន្ដCRVមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ធំ2A-1898 ដែលម្ចាស់ចត់ទុកចោលនៅក្បែនោះរងការខូចខាតផ្នែកខាងមុខទាំងស្រុង។
ក្រោយពីបង្កហេតុរថយន្ដបង្កមិនឈប់នៅកន្លែងកើតហេតុទេ គឺបានព្យាយាមបើករត់គេចរហូតដល់ផ្លូវលេខ១៩៩ ជាប់នឹងផ្សារសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ទើបសមត្ថកិច្ចឃាត់បានតែម្ដង។
ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងយរងរថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ