ខេត្តកណ្តាលៈ យ៉ាងហោចណាស់មនុស្ស៤នាក់បានទទួលរងរបួសធ្ងន់ស្រាល រីឯម៉ូតូ២គ្រឿងរងការខូចខាត ដោយសារតែស្ទាវទំនើងបើករថយន្តបុករះក្នុងស្ថានភាពស្រវឹង ខណៈដែលជនរងគ្រោះកំពុងឈរ រីឯម៉ូតូកំពុងចតចោលនៅក្បែរចិញ្ចើមផ្លូវ ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលំក្នុងតំបន់សេដ្ឋកិច្ចពិសេស7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្ក ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកខ្សាច់កណ្តាលផងដែរ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតាកាមរី គូថហើម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2B2016 ជាកម្មសិទ្ធិរបស់ឈ្មោះ ចិន ស្រីដា ភេទស្រី បើកបរដោយឈ្មោះ ចិន ម៉ៃហុង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ។
ចំណែកឯជនរងគ្រោះទី១-ឈ្មោះ គួង ហាន ភេទប្រុស អាយុ៣៧ឆ្នាំ (របួសធ្ងន់) មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ទី២-ឈ្មោះ ខេន វុទ្ធី ភេទប្រុសអាយុ២៥ឆ្នាំ (របួសធ្ងន់) មានទីលំនៅក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ទី៣-ឈ្មោះ ថន ហេនភេទប្រុស អាយុ៣៨ឆ្នាំ (របួសស្រាល) មានទីលំនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ និងទី៤-នៅពុំទាន់ស្គាល់អត្តសញ្ញាណ (របួសស្រាល) ។
ប្រភពដដែលបានបន្តថា ម៉ូតូ២គ្រឿងដែលរងការខូចខាតនោះ ទី១-ម៉ាកហុងវ៉េវ អាល់ហ្វ្រា ធុនសេ១១០ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FW-1933 ជាកម្មសិទ្ធិរបស់ឈ្មោះ ហុក ស្រីទូច ទី២-ម៉ាកហុងដាគុប ធុនសេ៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ជាកម្មសិទ្ធិរបស់ឈ្មោះ ថន ហេន ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កបើកបរតាមបណ្តោយផ្លូវលំ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន និងស្ថិតក្នុងសភាពរេចង្កូតពេញផ្លូវ ។ លុះបើកដល់ចំណុចកើតហេតុរថយន្តបង្ក បានរេចង្កូតទៅឆ្វេងដៃជ្រុលទៅបុកជនរងគ្រោះ២នាក់កំពុងឈរក្បែរចិញ្ចើមផ្លូវ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។
រថយន្តបង្កនៅតែមិនអស់ល្បឿនបានបន្តទៅបុករះម៉ូតូ២គ្រឿង និងមនុស្ស២នាក់ទៀតដែលកំពុងឈរក្បែរចិញ្ចើមផ្លូវ ទើបរថយន្តជ្រុលទៅធ្លាក់ប្រឡាយទៅមុខលែងរួចតែម្តង ៕ ស្អាងជ័យ