ខេត្តមណ្ឌលគិរី៖ យ៉ាងតិចមានមនុស្ស៣នាក់ ត្រូវបាននគរបាលខេត្តកំពង់ចាមឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការនគរបាលខេត្តមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងអំពើធ្វើទារុណកម្មយ៉ាងសាហាវឃោរឃៅលើកុមារដ៏តូច ហើយត្រូវបានផ្អើល និងរន្ធត់ពីមហាជន ពិសេសលើបណ្តាញទំនាក់ទំនងសង្គមចំនួន២ថ្ងៃគត់បានបង្ហោះសកម្មភាពឃោរឃៅនេះ ជាមួយនឹងការដាក់ផ្តាស្សា និងសំណូមពរឲ្យសមត្ថកិច្ចអាជ្ញាធរ ទាំងកម្ពុជា និងវៀតណាម ធ្វើយ៉ាងណា ឃាត់ខ្លួនជនល្មើស ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធី ។
លោក ទៀង សៅរ័ត្នន៍ ស្នងការរងនគរបាលខេត្តមណ្ឌលគិរី មុននេះបន្តិចបានប្រាប់ឲ្យដឹងថា សមត្ថកិច្ចពិតជាបានសាកសួរស្តាប់ចម្លើយទៅលើមនុស្ស៣នាក់ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនជាតិវៀតណាមដែលបានប្រព្រឹត្តធ្វើទារុណកម្មលើកុមារនោះ ។ លោកស្នងការរងបានបញ្ជាក់ថា អ្នកទាំង៣នាក់ គ្រាន់តែជាអ្នកចាំចំការ និងជាអ្នកធ្វើការនៅទីនោះ ជាមួយនឹងថៅកែជនជាតិហុល្លង់ ហើយមានសញ្ជាតិខ្មែរនោះប៉ុណ្ណោះ ដូច្នេះការសាកសួរដើម្បីឲ្យបានដឹងអំពីប្រវត្តិជនបង្កដែលបច្ចុប្បន្នកំពុងគេចខ្លួននោះ ។
ដោយឡែកលោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីបានឲ្យដឹងថា ពាក់ព័ន្ធនឹងការធ្វើទារុណកម្មលើកុមារ ដោយមានការប្រើដំបងឆក់ គឺខាងនគរបាលខេត្តមណ្ឌលគិរី បានធ្វើិកិច្ចការនេះជាមួយនឹងការកោះហៅអ្នកនៅចាំចំការ ប៉ុន្តែពួកគាត់មិនបានចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនោះឡើយ ។ លោកបន្តថា ជនទាំង៣នាក់ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចខេត្តកំពង់ចាម បន្ទាប់ពីពួកគេ បានគេចខ្លួនទៅកាន់ទីនោះ ហើយការនាំខ្លួនមកកាន់ខេត្តមណ្ឌលគិរី គ្រាន់តែជាការសាកសួរ ក្នុងនាមជាសាក្សីរស់នៅក្នុងចំការជាមួយជនល្មើសនោះប៉ុណ្ណោះ ។
សមត្ថកិច្ចបានបញ្ជាក់ផងដែរថា កុមាររងគ្រោះដោយការធ្វើទារុណកម្មជាកូនរបស់កម្មករ ដោយឡែកជនបង្កបុរសខ្ទើយជនជាតិវៀតណាមនោះ គឺជាចុងភៅឲ្យថៅកែចំការជនជាតិហុល្លង់ និងមានសញ្ជាតិខ្មែរ ជាទម្លាប់ជនជាតិវៀតណាមនេះ មកចំការសម្រាប់តែធ្វើម្ហូបឲ្យថៅកែហុល្លង់ ដោយសារគេចេះធ្វើម្ហូបបរទេស ហើយមកចំការម្តងក្នុងរយៈពេល២ទៅ៣ថ្ងៃ ក៏ត្រឡប់ទៅវិញ ។ បច្ចុប្បន្ន ជនបង្កនេះបានគេចខ្លួន ពេលដែលប្រព្រឹត្តបទល្មើសរួចនោះ ៕ សុខ ខេមរា