ភ្នំពេញ៖ សមត្ថកិច្ចបានធ្វើសកម្មភាពបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងលទ្ធផលនៃការស្រាវជ្រាវបន្ត យកបក្ខពួកឈានទៅដល់ការបង្ក្រាបទីតាំងផលិតសារធាតុញៀនដោយខុសច្បាប់ ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់នៅក្នុងរបាយការណ៍ថា នៅថ្ងៃទី៤ ខែធ្នូ ២០១៦វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានបើកការបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន ដែលមានដីការចាប់ខ្លួនលេច៤១១ រ.ដ.ច.ន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួន ឈ្មោះ សេន ដាយូសា ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ដោយបានដកហូតគ្រឿងញៀនចំនួន២កញ្ចប់។
ក្រោយពីបានបង្ក្រាបរួច អធិការដ្ឋានបានប្រើប្រាស់វិធានការជំនាញសួរយកចម្លើយទៅលើជនសង្ស័យ ហើយក្រោយពីទទួលបានចំលើយសារភាពភ្លាម អធិការដ្ឋានបានរៀបចំយ័ន្តការបន្តបើកកិច្ចប្រតិបត្តិការក្នុងទ្រុងទ្រាយធំទៅលើទីតាំងផលិតសារធាតុញៀនមួយកន្លែងស្ថិតនៅចំនុច ផ្ទះជួលលេខ៩ ផ្លូវលេខ ៣BC ក្រុម ទី០១ ភូមិចម្រើនផល១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលប្រតិបត្តិការស្រាវជ្រាវនេះចាប់ផ្តើមពីពេលឃាត់ខ្លួនរហូតមកដល់ម៉ោង 21និង15នាទី ថ្ងៃដដែល ទើបអធិការដ្ឋានបើករង្វង់ប្រតិបត្តិការក្រសោបក្នុងរូបភាពទ្រង់ទ្រាយធំ យកមេក្លោង និងសមាសភាពពាក់ព័ន្ធ ក្រោមការសម្របសម្រួល និងចូលរួមដឹកនាំពីលោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងមានកិច្ចសហការបន្ថែមយ៉ាងទូលំទូលាយជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានការចូលរួមពី កម្លាំងផ្នែកជំនាញរបស់ខណ្ឌ ប៉ុស្តិ៍ និងកម្លាំងប្រជាការពារ ។
ប្រភពបន្តថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានបង្ក្រាបមុខសញ្ញាជាក់ស្តែងចំនួន៥នាក់ រួមមាន÷
១/-ឈ្មោះ យ៉ុង ចាន់ហ៊ូយ៉ុង ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (មេក្លោងផលិតគ្រឿងញៀន)
២/-ឈ្មោះ នួន ស្រីល័ក្ខ ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួលកន្លែងកើតហេតុ(ពាក់ព័ន្ធ)
៣/-ឈ្មោះ ដួង លីលី ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះលេខ១០ សង្កាត់បឹងប្រលិត ខណ្ឌ ៧មករា (ពាក់ព័ន្ធ)
៤/-ឈ្មោះ ប៉ក់ ស្រីពៅ ភេទ ស្រី អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ (ពាក់ព័ន្ធ)
៥/-ឈ្មោះ ចាន់ ឆវី ភេទ ស្រី អាយុ ២៧ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ ក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ខណ្ឌ ឫស្សីកែវ ( ពាក់ព័ន្ធ) ។
ជាមួយគ្នានោះ សមត្ថកិច្ចបានត្រួតពិនិត្យនៅក្នុងទីតាំងខាងលើរកឃើញប្រភេទថ្នាំញៀនមួយចំនួនធំ ដូចជា៖
ម៉េតាណុល ចំនួន១៤ដប, សារធាតុផ្សំ និងកែច្នៃសារធាតុញៀនមួយចំនួន, ក្រាមពណ៌សថ្លា ចំនួន០២ កញ្ចប់ធំ, ថ្នាំពេទ្យសំរាប់កែច្នៃធ្វើជាសារធាតុញៀនមួយចំនួន, សារធាតុញៀនជាគ្រាប់ចំនួន០៣កញ្ចប់ធំ, សារធាតុដែលផលិតរួចប្រើជាផ្លូវការមួយចំនួន, ប្រភេទខេ (សំរាប់ហិត), ប្រភេទគ្រាប់(គ្រវី), ប្រភេទwy(យ៉ាម៉ា), ប្រភេទលាយដែលផ្សំរួច(មេតំហ្វេតាមីនមួយចំនួន), ម្សៅកែច្នៃសារធាតុញៀនមួយចំនួន, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និង ឧបករណ៍សម្រាប់កែឆ្នៃសារធាតុញៀនមួយចំនួន។
ក្រោយពីកិច្ចប្រតិបត្តិការត្រូវបានបញ្ចប់ ទាំងជនសង្ស័យ រួមនឹងវត្ថុតាង បាននាំមកអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបន្តការសួរចម្លើយ និងអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់។
កិច្ចប្រតិបត្តិការនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ ហើយចំពោះសារធាតុញៀនទាំងអស់ខាងលើ អធិការដ្ឋាននឹង បន្តកិច្ចសហការជាមួយការិយាល័យគ្រឿងញៀន ដើម្បីឈានទៅដល់ការវិភាគតាមបច្ចេកទេស ជាមួយនឹងមន្ទីរប្រឆាំងគ្រឿងញៀន និងអាជ្ញារធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ៕