ភ្នំពេញ: រថយន្ត២គ្រឿងបានរងនូវការខូចខាតមួយចំហៀងដោយ សាររថយន្តដឹកខ្សាច់ធុនធ្ងន់បើកឡើងស្ពានព្រែកសំរោងស្រាប់ តែដាច់កាឡេ ហើយរអិលថយក្រោយបណ្តាលអោយបុករះរថយន្តតូច ២គ្រឿង តែសំណាងល្អមិនមានមនុស្សរងរបួសនោះឡើយ ។
ករណីគ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ទី៧ ខែធ្នូ ឆ្នាំ២០១៦ នៅចំនុចគល់ស្ពានព្រែកសំរោងខាងកើត ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
រថយន្តបង្កម៉ាកជាប្រភេទរថយន្តដឹកខ្សាច់ធន់ធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៍សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-9511ជារបស់ក្រុមហ៊ុនខ្សាចសុខលីមានទីតាំងនៅចំនុចបឹងស្នោរ សង្កាតនិរោធ ខណ្ឌច្បារអំពៅ ក្រោយបង្កហេតុ ។
រថយន្ត២គ្រឿងដែលរងនូវការខូចខាតមាន, ១-ម៉ាកហាយឡិនឌ័រពណ៍ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2V-3316 ម្ចាស់រថយន្តពាក់ស័ក្តិ៤ ជាមន្ត្រីនគរបាលជាតិបំរើការនៅសាលាបណ្ឌិតសភានគរបាលជាតិនៅដីឥដ្ឋ និងមួយគ្រឿងទៀតម៉ាកស្តារ៉ិច ពណ៍ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2F-3319 ។
លោកវរៈសេនីយ៍ទោឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលកើតហេតុរថយន្តដឹកខ្សាច់បើកឡើងស្ពានព្រែកសំរោងទិសដៅពីកើតទៅលិច ។ បើកឡើងស្ពានបានប្រហែល៥០ម៉ែត្រស្រាប់តែរថយន្តដាច់កាឡេបណ្តាលអោយរអិលថយក្រោយ ភ្លាមៗនោះព្រូបានលោតចុះពីលើរថយន្តយកកំណល់មកកល់ដែរតែកល់មិនជាប់ ឃើញសភាពមិនស្រួលព្រូរថយន្តបានរត់មកស្រែកអោយអ្នកដំណើរដែលនៅលើផ្លូវគេចចេញ ចំណែករថយន្តតូច២គ្រឿងបើកគេចមិនទាន់ក៍ត្រូវរថយន្តដឹកខ្សាច់បើកកៀរខ្ទេចមួយចំហៀងតែមិនមានបង្កគ្រោះថ្នាក់ដល់អ្នកនៅក្នុងរថយន្តឡើយ ។
លោកអធិការរងបន្តថា បន្ទាប់ពីកើតហេតុអ្នកបើកបររថយន្តដឹកខ្សាច់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន ប៉ុន្តែរថយន្តទាំង៣គ្រឿងមិនបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌនោះទេ ដោយសារភាគីទាំង៣សុំសម្របសម្រួលនៅកន្លែងកើតហេតុដើម្បីបញ្ចប់រឿង បើមិនត្រូវគ្នាទេទើបសម្រេចបញ្ជូនមកអធិការដ្ឋាន ដើម្បីដោះស្រាយបន្ត ៕ សណ្តោស